ភ្នំពេញក្រោន ណាត់ Buriram និង Muangthong កម្តៅសាច់ដុំពេលបោះជំរុំហាត់នៅថៃ

នូ មករា January 13, 2019


ភ្នំពេញ៖ យោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឱ្យដឹងថា នៅក្នុងដំណើរចូលរួមប្រកួតពាន Leo Pre Season Cup 2019 នាចុងខែមករានេះ ក្រុមភ្នំពេញក្រោន ក៏នឹងចំណាយពេល ១សប្តាហ៍ដើម្បីបោះជំរុំហ្វឹកហាត់នៅក្នុងប្រទេសថៃបន្ថែមទៀត ខណៈដែលក្រុមជើងឯក ៦សម័យកាលនេះក៏គ្រោងនឹងប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមខ្លាំង ២នៅលីគកំពូលថៃផងដែរគឺជាមួយក្រុម Buriram United និងក្រុម Muangthong United។ យ៉ាងណាក៏ដោយ គេនៅមិនទាន់បានដឹងច្បាស់ថា តើការប្រកួតនេះនឹងធ្វើឡើងថ្ងៃណានៅឡើយទេ ដោយសារតែក្រុមនីមួយៗសុទ្ធមានកាលវិភាគមមាញឹកព្រោះត្រូវចូលរួមប្រកួតពានត្រៀមរដូវកាល និងការប្រកួតមិត្តភាពរៀងៗខ្លួនជាមុនសិន។​

សូមបញ្ជាក់ដែរថា តាមការគ្រោងទុកក្រុមភ្នំពេញក្រោននឹងត្រូវចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសថៃនាថ្ងៃទី១៧ ខែមករា ខាងមុខបន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពក្នុងស្រុក ១លើកទៀតសិនពោលគឺប៉ះក្រុមគិរីវង្សនាថ្ងៃទី១៥ ខែមករា បន្ទាប់ពីបានលត់ក្រុមអាសុីអឺរ៉ុប ៣-០ កាលពីម្សិលមិញរួចមក។

សម្រាប់ការប្រកួតពាន Leo Pre Season Cup 2019 វិញ គ្រូបង្វឹក Leonardo បានបញ្ជាក់ថា វាជាការប្រកួតប្រជែងក្នុងគោលដៅដកស្រង់បទពិសោធន៍ត្រៀមរដូវកាលថ្មីជាជាងផ្តោតលើលទ្ធផលឈ្នះពានមួយនេះ ក៏ប៉ុន្តែលោកជឿជាក់ថា កូនក្រុមនឹងធ្វើបានល្អដើម្បីជាកម្លាំងចិត្តសម្រាប់អ្នកគាំទ្រក៏ដូចជាសម្រាប់ការប្រកួតប្រជែងលីគកំពូល និងពានសម្តេចហ៊ុន សែន ជាដើមនោះ៕
អត្ថបទ៖ មករា

មតិយោបល់