ណាហ្គាវើល បន្ដបរាជ័យមុនត្រឡប់មកកម្ពុជា ខណៈវិសាខា ស្មើ Custom United ១-១

មាស សុផាណារ៉ុង January 13, 2019


 

ថៃ៖ ក្រុមបាល់ទាត់ណាហ្គាវើល បានបន្ដបរាជ័យជាលើកទី៣ ដោយចាញ់ក្រុម Trat FC សមាជិកថ្មីនៃលីគកំពូលថៃ ក្នុងលទ្ធផល ២-០ ស្របពេលក្រុមវិសាខា បានស្មើក្រុមសមាជិកលីគទី៣ របស់ថៃ MOF Customs United ដោយលទ្ធផល ១-០ អំឡុងពេលក្រុមទាំងពីរ កំពុងបោះជំរុំហ្វឹកហាត់ នៅថៃ ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ខាងមុខ។

សម្រាប់ក្រុមណាហ្គាវើល នេះគឺជាប្រកួតមិត្តភាពទី៤ របស់ពួកគេ ហើយក៏ជាការប្រកួតកម្ដៅសាច់ដុំចុងក្រោយផងដែរ មុនត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។ ចំពោះការប៉ះក្រុមមានព្រំប្រទល់ជាប់ខេត្តកោះកុង Trat FC ឃើញថា ម្ចាស់ផ្ទះបានដាក់សម្ពាធខ្លាំង រហូតបាន ២គ្រាប់ ដែលជាគ្រាប់បាល់ជ័យជម្នះ។ ដូច្នេះសរុបលទ្ធផលប្រកួតមិត្តភាព ក្នុងបោះការបោះជំរុំនៅថៃ គឺ ៤ប្រកួតរបស់ណាហ្គាវើលឈ្នះ១ និងចាញ់ ៣ប្រកួត។

ទស្សនាវីដេអូហាយឡាយរបស់ ណាហ្គាវើល ជាមួយ Trat FC៖

ដោយឡែកក្រុមវិសាខា ជួបជាមួយក្រុមម្ចាស់ផ្ទះ MOF Customs United គឺជាប្រកួតមិត្តភាពទី៣ របស់ពួកគេ បន្ទាប់ពីបោះជំរុំហ្វឹកហាត់នៅថៃរយៈពេល ១សប្ដាហ៍កន្លងទៅ។ ប្រកួតនេះ កីឡាករ កែវ សុខផេង បានទាត់បាល់ពិន័យ ១១ម៉ែត្របានសម្រេចជួយវិសាខានាំមុខម្ចាស់ផ្ទះ ១គ្រាប់មុននៅតង់ទី១ តែត្រូវបានកីឡាករក្រុម MOF Customs United វាយបកតាមស្មើ នៅចុងម៉ោង ១-១ ហើយលទ្ធផលនេះ បានរក្សារហូតចប់ការប្រកួតតែម្ដង ។

ប៉ុន្ដែយ៉ាងណាក្រុមវិសាខា មិនទាន់បញ្ចប់កម្មវិធី Pre-Season Tour របស់ពួកគេនោះទេ ដោយត្រូវបន្ដរហូតដល់ថ្ងៃទី១៨ ខែមករាខាងមុខ ហើយទន្ទឹមជាមួយគ្នា វិសាខា ក៏ទំនឹងនៅមានការប្រកួតមិត្តភាពជាច្រើនទៀត មុនត្រឡប់មកមាតុភូមិវិញដែរ។

ចំពោះលទ្ធផល ៣ប្រកួតកន្លងមករបស់ពួកគេ គឺឈ្នះ២ និងស្មើ១ ក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺប្រកួតទី១ ដែលបានយកឈ្នះក្រុមចាស់របស់ ចាន់ វឌ្ឍនាកា គឺក្រុម Pahang FA ៣-១ កាលពីពេលថ្មី៕

 

វីដេអូ៖ FB Trat FC

អត្ថបទ៖ បុត្រា

មតិយោបល់