វិសាខា និងណាហ្គាវើល បន្តប្រកួតក្នុងជំនួបកម្ដៅសាច់ដុំរបស់ខ្លួនរសៀលនេះ នៅលើទឹកដីថៃ

មាស សុផាណារ៉ុង January 12, 2019


 

ថៃ៖ ក្លឹបបាល់ទាត់២របស់កម្ពុជា វិសាខា ជាមួយណាហ្គាវើល នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នេះនឹងបន្តការប្រកួតរបស់ខ្លួនក្នុងជំនួបកម្ដៅសាច់ដុំដកស្រង់បច្ចេកទេស សម្រាប់ដំណើរបោះជុំរំហ្វឹកហាត់រៀងៗខ្លួននៅប្រទេសថៃ។

តាមកាលវិភាគ ក្លឹបកីឡាបាល់ទាត់វិសាខា នឹងបន្ដជួបប្រកួតមិត្តភាពទី៣ របស់ខ្លួន ដោយត្រូវជួបក្រុមម្ចាស់ផ្ទះក្លឹប MOF Customs United នាវេលាម៉ោង ៤ល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Customs នាទីក្រុងបាងកក។

ដោយឡែកសម្រាប់ ណាហ្គាវើល ក៏នឹងត្រូវប្រកួតដូចគ្នាសម្រាប់ជំនួបទី៤ និងចុងក្រោយផងដែរក្នុងដំណើរប្រកួត បោះជុំរំហ្វឹកហាត់ នៅប្រទេសថៃ ដោយត្រូវប្រកួតជាមួយក្រុមទើបឡើងមកលីគកំពូលថៃរដូវកាល២០១៩ Trat FC នាវេលាម៉ោង ៥ល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Trat Province Stadium ទីរួមខេត្ត Trat ដែលមានព្រំប្រទល់ជាប់ខេត្តកោះកុង របស់កម្ពុជា។

គួររំលឹកផងដែរថា សម្រាប់វិសាខា ២ប្រកួតរបស់គេកន្លងមក គឺឈ្នះទាំង២ប្រកួត រួមមាន ឈ្នះ Pahang FA របស់ម៉ាឡេស៊ី ៣ទល់១ មុននឹងបន្តឈ្នះក្រុមសាកលវិទ្យាល័យមួយក្នុងប្រទេសថៃ RSU FC (Rangsit University Football Club) ៥ទល់០។

ណាហ្គាវើល ឯណេះវិញ៣ប្រកួតកន្លងមកក្នុងដំណើរដូចគ្នានេះ ឈ្នះ១ និងចាញ់២ ក្នុងនោះចាញ់ Police Tero ៦ទល់០ ឈ្នះក្រុមសាកលវិទ្យាល័យ Assumption United ២ទល់១ និងចុងក្រោយចាញ់ BG Pathum United ( ឈ្មោះដើម Bangkok Glass ) ៦ទល់០៕

 

រូបភាព៖ BG Pathum United & Police Tero FC & Visakha FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់