ភ្នំពេញក្រោន នឹងប្រកួតមិត្តភាពក្នុងស្រុក ២លើកមុនចេញទៅថៃសប្តាហ៍ក្រោយ!

នូ មករា January 11, 2019


ភ្នំពេញ៖ ក្រុមភ្នំពេញក្រោន ដែលកំពុងមមាញឹកក្នុងការហ្វឹកហាត់ត្រៀមប្រកួតពាន Leo Pre-Season Cup នៅប្រទេសថៃដែលនឹងចាប់ផ្តើមនាពេលឆាប់ៗនោះគ្រោងនឹងធ្វើការប្រកួតមិត្តភាពក្នុងស្រុកចំនួន ២លើកបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពកូនក្រុមមុននឹងចាកចេញទៅបោះជំរុំ និងប្រកួតនៅក្នុងប្រទេសថៃនាសប្តាហ៍ក្រោយនេះ។

តាមប្រភពពីមន្ត្រីក្លឹបភ្នំពេញក្រោនបានបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី១២ ខែមករា ស្អែកនេះ ភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីទទួលក្រុមអាសុីអឺរ៉ុបនាវេលាម៉ោង ៥ល្ងាច បន្ទាប់មកគ្រោងនឹងប្រកួតកម្តៅសាច់ដុំមួយលើកទៀតនៅថ្ងៃច័ន្ទ ទី១៤ ខែមករា ប៉ុន្តែមិនទាន់ប្រកាសពីឈ្មោះក្រុមគូប្រកួតនៅឡើយទេ។


សូមបញ្ជាក់ដែរថា យោងតាមការគ្រោងទុក ក្រុមដែលកំពុងស្ថិតក្រោមការដឹកនាំរបស់ លោក Leonardo Vitorino នេះនឹងចាកចេញពីកម្ពុជានាថ្ងៃទី១៧ ខែមករា ដើម្បីចូលរួមប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Leo Pre-Season Cup មុននឹងចំណាយពេលបោះជំរុំហ្វឹកហាត់បន្ថែមទៀតនៅលើទឹកដីថៃ។ សម្រាប់ការប្រកួតនេះដែរ លោក Leonardo បានបញ្ជាក់ថា លោកមិនផ្តោតលើការឈ្នះជើងឯកពេកនោះទេប៉ុន្តែលោករំពឹងថា កូនក្រុមនឹងធ្វើបានល្អតាមរយៈការទទួលបានបទពិសោធន៍ថ្មីៗពីក្រុមខ្លាំងៗនៅលីគថៃដើម្បីជាទុនក្នុងការប្រកួតលីគកំពូលកម្ពុជា និងពានសម្តេចតេជោនារដូវកាលនេះ៕


អត្ថបទ៖ មករា

មតិយោបល់