ឮល្ហៀងៗថា អតីតគ្រូគោព្រៃកម្ពុជា នឹងទៅដឹកនាំក្រុមប៉ូលិសត្រៀមរដូវកាលថ្មី!

នូ មករា January 11, 2019


ភ្នំពេញ៖ ស្របពេលកាលបរិច្ឆេទប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ត្រូវបានប្រកាសគ្រោងចាប់ផ្ដើមប្រកួត នាដើមខែមីនា ក៏មានលេចឮព័ត៌មានល្ហៀងៗដែលថា លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នឹងចូលកាន់តំណែងគ្រូបង្វឹកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលស) ដើម្បីត្រៀមរដូវកាលថ្មីខាងមុខ។

ប្រភពស្និទ្ធស្នាលជាមួយគ្រូបង្វឹកកម្រិត Pro-License ខាងលើបានបង្ហើបថា អតីតគ្រូបង្វឹកក្រុមបឹងកេតរូបនេះ បានសម្រេចចូលប្រឡូកអាជីព ក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន វិញហើយ ហើយលោកក៏បានចុះកិច្ចព្រមព្រៀងដឹកនាំក្លឹបមួយហើយដែរ គឺក្រុមប៉ូលិស គ្រាន់តែមិនទាន់ប្រកាសជាផ្លូវការប៉ុណ្ណោះ។

យ៉ាងណាមិញព័ត៌មាននេះ នៅមិនទាន់ដឹងថា ពិតប្រាកដ ១០០% ឬយ៉ាងណានោះទេ ព្រោះក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាសាមីខ្លួនលោកគ្រូ ប្រាក់ សុវណ្ណារ៉ា មិនទាន់ប្រកាសនៅឡើយ ។ ដូច្នេះក្រុមការងាររបស់យើង នឹងព្យាយាមសុំការបញ្ជាក់បន្ថែមភាគីទាំងសង្ខាង ដើម្បីជម្រាបជូនអ្នកគាំទ្រ នាពេលក្រោយ។

គួរបញ្ជាក់ថា លោក ប្រាក់ សុវណ្ណារ៉ា គឺជាគ្រូបង្វឹកដ៏មានបទពិសោធន៍ម្នាក់ ដោយធ្លាប់ដឹកនាំក្រុមធំៗ រួមមានព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ គិរីវង់សុខសែនជ័យ ចុងក្រោយគឺដឹកនាំបឹងកេតបាន ២រដូវកាល ហើយបានជួយក្រុមនេះ ឈ្នះជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦ និងឈ្នះជើងឯករង ពាន TOYOTA Mekong Club 2015 ទៀតផង ប៉ុន្តែក្រោយចែកផ្លូវជាមួយបឹងកេតនៅដើមឆ្នាំ២០១៧ មកទល់បច្ចុប្បន្ន លោកមិនបានដឹកនាំក្លឹបណាមួយនោះទេក្រៅពីក្រុមជម្រើសជាតិកម្ពុជា៕

អត្ថបទ៖ បុត្រា

មតិយោបល់