ណាហ្គាវើលដ៍ បន្ដចាញ់ ៦-០ លើកទី២ ក្នុងជំនួបមិត្តភាពនៅថៃ

នូ មករា January 11, 2019


ថៃ៖ ក្រុមបាល់ទាត់ណាហ្គាវើលដ៍ ត្រូវបានក្រុមសមាជិកលីគទី២ របស់ថៃ BG Pathum United យកឈ្នះយ៉ាងចាស់ដៃ ដោយលទ្ធផល ៦-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅកីឡដ្ឋាន Bangkok Glass កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ម្សិលមិញ។

 

នេះគឺជាលើកទី២ ក្នុងចំណោម ៣ប្រកួតរបស់ក្រុមណាហ្គាវើលដ៍ ដែលរងបរាជ័យក្នុងលទ្ធផល ៦-០ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះថៃ បន្ទាប់ពីប្រកួតដំបូង ចាញ់ក្រុមលីគទី២ របស់ថៃ Police Tero FC ៦-០ ដូចគ្នា កាលពីថ្ងៃទី០៨ ខែមករាកន្លងទៅ លើកលែងជំនួបមិត្តភាពជាមួយក្រុម Assumption United ដែលណាហ្គាវើលដ៍ បានទទួលជ័យជម្នះ ក្នុងលទ្ធផល ២-១ កាលពីថ្ងៃពុធ។

ជារួមរយៈពេល ៣ថ្ងៃ បន្ទាប់ពីណាហ្គាវើលដ៍ បានធ្វើដំណើរដល់ទឹកដីថៃ ពួកគេបានធ្វើការប្រកួតមិត្តភាព ៣ប្រកួតជាប់ៗគ្នា ចាប់ពីថ្ងៃទី០៨-១០ ខែមករា ដោយបញ្ចប់ជាមួយលទ្ធផលឈ្នះ១ និងចាញ់២ ហើយពួកគេ នឹងបន្ដដំណើរទៅជួបក្រុម Trat FC ១ប្រកួតទៀត នៅថ្ងៃទី១២ ខែមករាស្អែក មុនត្រឡប់ទៅមាតុភូមិវិញ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ខាងមុខ។

សូមបញ្ជាក់ថា ការហ្វឹកហាត់ និងប្រកួតមិត្តភាពរបស់ក្រុមណាហ្គាវើលដ៍ នៅប្រទេសថៃ គឺជាការត្រៀមចូលរួមប្រកួតពានរង្វាន់ AFC Cup នាខែកុម្ភៈ និងត្រៀមការពារតំណែងជើងឯកក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ខណៈការបោះជំរុំហ្វឹកហាត់ក្រៅស្រុកនេះ ធ្វើឡើងជិត ១សប្ដាហ៍ ពោលគឺចាប់ពីថ្ងៃទី០៨-១៣ ខែមករា ឆ្នាំ២០១៩ ដោយលោកបានចាត់ទុកនេះគឺជាឱកាសល្អ សម្រាប់កីឡាករចាស់-ថ្មី ពិសេសកីឡាករក្មេងៗ និងកីឡាករបរទេស ក្នុងការស្វែងយល់ចិត្តគ្នា និងទម្រង់លេងឲ្យបានល្អប្រសើរ៕

អត្ថបទ៖ បុត្រា

មតិយោបល់