ដឹងកាលបរិច្ឆេទ ការប្រកួតលីគកំពូលកម្ពុជា នឹងចាប់ផ្ដើមនៅដើមខែមីនា

មាស សុផាណារ៉ុង January 10, 2019


 

ភ្នំពេញ៖ គណៈកម្មការ​​​ប្រកួត​បាល់ទាត់​ជាតិ​ ហៅជាភាសាអង់គ្លេស ( CNCC ) ដែលជាភ្នាក់ងាររៀបចំការប្រកួតពានរង្វាន់ធំ២ នៅកម្ពុជា ( លីគកំពូលកម្ពុជា និងពានសម្តេចតេជោ ហ៊ុន សែន ) នៅមុននេះបន្តិចបានប្រកាសពីកាលបរិច្ឆេទនៃការចាប់ផ្ដើមលីគកំពូលជាផ្លូវការហើយ ដោយគ្រោងនឹងចាប់ផ្ដើមពីដើមខែមីនាតទៅ។

យោងតាមការចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់គណៈកម្មការ​​​ប្រកួត​បាល់ទាត់​ជាតិ បញ្ជាក់ដោយ លោក ​ឆាំង ពិសិដ្ឋ​ ​លេខា​ធិការ​ប្រតិបត្តិ​​នៃ​គណៈកម្មការ​​​ប្រកួត​បាល់ទាត់​ជាតិ​ បាន​​ឲ្យ​​​ដឹង​ថា​ ​​កម្មវិធី​​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​​ មិត្តហ្វូនខេមបូឌានលីគ​​ រដូវ​កាល​ថ្មី​ឆ្នាំ​ ២០១៩ នឹង​ចាប់​ផ្ដើម​នា​​ដើម​ខែ​ មីនា​ ខាង​មុខ​នេះ​ ពោល​​កាល​វិភាគ​ប្រកួត​សប្ដាហ៍​ទី​១​ ​នឹង​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​៩ ​និង១០​ ខែ មីនា។

មិនខុសគ្នាពីរដូវកាលមុន លីគកំពូលកម្ពុជារដូវកាលនេះ គឺនឹង១២ក្រុមចូលរួមប្រកួត រួមមាន ណាហ្គាវើលដ៍, ​​​ក្រសួងការពារជាតិ, វិសាខា, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, បឹងកេត,​អគ្គ​ស្នងការ​ដ្ឋាន​នគរបាលជាតិ, អាស៊ីអឹរ៉ុបយូណាយធី, អង្គរ​ថាយហ្គឺរ, សូលទីឡូអង្គរ, ​​​អគ្គិសនី​កម្ពុជា ​និង​ ​ក្រុម​​ត្រូវ​​ឡើង​មករវាង​ គីរីវង់សុខសែនជ័យ (តាកែវ), Forza (សៀមរាប) និងខេត្តកំពង់ចាម ត្រូវជ្រើសយកតែមួយក្រុមដើម្បីមកជំនួស វេស្ទើនភ្នំពេញ ដែលបានប្រកាសដកខ្លួន ប៉ុន្តែត្រូវ​រង់​ចាំ​ការ​សម្រេច​ពី​គណៈកម្មាធិការ​​​ប្រតិបត្តិនៃសហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជាជាមុនសិន។

​​គណៈកម្មាធិការ​​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​នឹង​ពិនិត្យ​ជាក់​ស្ដែង​អំពី​លទ្ធភាព​ ​​ចំពោះ​ក្រុម​ទាំង​ ៣ ខាង​លើ​ ​​​តើ​ក្រុម​ណា​អាច​​​បំពេញ​​តម្រូវ​ការ​លេង​​នៅ​លីគ​​ឆ្នាំ​ ២០១៩​ បាន៕

 

ប្រភព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់