មិត្តភាព៖ គិរីវង្ស ប៉ះ អគ្គិសនី ម្សិលមិញបញ្ចប់ដោយលទ្ធផល ១-១

នូ មករា January 10, 2019


ភ្នំពេញ៖ ក្រុមបាល់ទាត់គិរីវង្ស ដែលកំពុងបង្ហាញមហិច្ឆិតាឡើងមកលេងនៅលីកំពូលកម្ពុជារដូវកាលថ្មី២០១៩ នេះបានបញ្ចប់ការប្រកួតមិត្តភាពជាមួយក្រុមអគ្គិសនីកម្ពុជាក្នុងលទ្ធផល ១-១ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ម្សិលមិញ បន្ទាប់ពីបានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញរួចមក។

 

ជាការកត់សម្គាល់ ក្រុមគិរីវង្សសុខសែនជ័យកំពុងតែដាក់សំណើរទៅកាន់គណៈកម្មាការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ក្នុងនាមជាបេក្ខភាពសម្រាប់ជំនួសក្រុមវេស្ទើនភ្នំពេញដែលបានប្រកាសដកខ្លួនចេញពីលីគកំពូលសិនដោយសារវិបត្តិហរិវញ្ញវត្ថុនោះ ។ ក្រុមដែលមានមូលដ្ឋាននៅលើទឹកដីខេត្តតាកែវនេះ ក៏កំពុងរៀបចំខ្លួនយ៉ាងសស្រាក់ស្រាំក្នុងការហ្វឹកហាត់ក៏ដូចជារៀបចំក្រុមឡើងវិញដោយមានបន្ថែមវត្តមានគ្រូបង្វឹកថ្មីជាជនជាតិថៃក្នុងគោលដៅកសាងកេរ្តិ៍ឈ្មោះឡើងវិញក្រោយពីស្ថិតក្នុងភាពស្ងប់ស្ងាត់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

សម្រាប់ក្រុមម្ចាស់ផ្ទះអគ្គីសនីកម្ពុជាវិញ ក៏កំពុងមមាញឹកក្នុងការហ្វឹកហាត់ជាមួយនឹងគោលការណ៍មិនប្រើប្រាស់កីឡាករក្រៅស្រុកដើម្បីផ្តោតលើការពង្រឹងសមត្ថភាពធនធានកីឡាករវ័យក្មេងរបស់ខ្លួនត្រៀមចូលរួមប្រកួតទាំងលីគកំពូល ទាំងពានសម្តេចតេជោនារដូវកាល២០១៩នេះ។ ដូច្នេះ ជំនួបមិត្តភាពនេះគឺជាការដកស្រង់បទពិសោធន៍ដ៏ល្អមួយសម្រាប់ក្រុមទាំងពីរទាំងលើការតេស្តសមត្ថភាព និងបច្ចេកទេសរបស់ក្រុមរៀងៗខ្លួន៕
អត្ថបទ៖ មករា

មតិយោបល់