ជម្រើសជាតិកម្ពុជា ទំនងជាត្រូវជម្រុះពីជុំដំបូង សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២

មាស សុផាណារ៉ុង January 11, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅឆ្នាំ២០១៩ នេះនឹងមានការងារត្រូវធ្វើបន្តទៀត ដោយនឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍ ជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup qualification ) ដើម្បីរកកៅអីទៅជុំផ្ដាច់ព្រ័ត្រនៅប្រទេសកាតា នាឆ្នាំ២០២២ ខណៈបើយោងតាមលក្ខខណ្ឌ ជម្រើសជាតិកម្ពុជា ទំនងជាត្រូវជម្រុះតាំងពីជុំដំបូងតទៅនៃព្រឹត្តិការណ៍ដដែលនេះ។

យោងតាមលក្ខខណ្ឌ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( The AFC ) នៅតែបន្តអនុវត្តគោលការណ៍នៃការរៀបចំ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០២២ បូករួមជាមួយការជម្រុះបាល់ទាត់ទ្វីបអាស៊ី ឆ្នាំ២០២៣ ដំណាលគ្នាផងដែរ ដោយនឹងមានការបែងចែកវគ្គជម្រុះជា ៣វគ្គ វគ្គជម្រុះជុំទី១ និងវគ្គជម្រុះជុំទី២ និងវគ្គជម្រុះជុំចុងក្រោយ។

វគ្គជម្រុះជុំទី១ មាន១៤ក្រុម គិតតែក្រុមដែលមានចំណាត់ថ្នាក់ ពីលេខ៣៤ដល់៤៧ ក្នុងតារាចំណាត់ថ្នាក់ពិភពលោក ( FIFA World Ranking ) ខែចុងក្រោយមុនការប្រកួតមកដល់ ( គិតតែក្នុងទ្វីបអាស៊ី ) ហើយធ្វើការចាប់គូផ្គូរផ្គង់ស្មើនឹង ៧ប្រកួត ( ប្រកួតរូបមន្តចាញ់ធ្លាក់ និងផ្លាស់ប្ដូរទឹកដីទៅវិញទៅមក ) មានក្រុមដែលឈ្នះតែ ៧ប៉ុណ្ណោះដែលត្រូវឡើងទៅវគ្គជម្រុះជុំទី២។ វគ្គនេះមានគម្រោងប្រកួតចន្លោះថ្ងៃទី០៦ ខែមិថុនា ជើងទី១ និងជើងទី២ នៅថ្ងៃទី១១ ខែដដែល ឆ្នាំ២០១៩។

កម្ពុជា ប្រកួតក្នុងវគ្គជម្រុះជុំទី១ កាលពីឆ្នាំ២០១៥

វគ្គជម្រុះជុំទី២ គឺជាវគ្គដែលមានរយៈពេលយូរ និងច្រើនក្រុមផងដែរ វគ្គនេះមាន៤០ក្រុម ( ៣៣ក្រុមអង្គុយរង់ចាំ + ៧ក្រុមឡើងមកពីវគ្គជម្រុះជុំទី១ ) ហើយបែងចែកចេញជា៨ពូល ក្នុងមួយពូលមាន៥ក្រុម ក្រុមលេខ១ ពីពូលទាំង៨ បូកជាមួយមួយក្រុមលេខ២ល្អ ចំនួន៤ក្រុម ( សរុប១២ក្រុម ) នឹងបានកៅអីជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី ឆ្នាំ២០២៣ ក៏ដូចជាកៅអីជម្រុះបាល់ទាត់ពិភពលោក ជុំចុងក្រោយប្រចាំទ្វីបអាស៊ី ផងដែរ។ វគ្គនេះវិញគ្រោងប្រកួតពីខែកញ្ញា ឆ្នាំ២០១៩ ហើយអាចនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២០ ( ប្រកួតរវាងចន្លោះខែតាមការរៀបចំ មួយខែ មានពីរប្រកួត )។

ចូលដល់ជុំចុងក្រោយ គឺមានប្រទេសតែ១២ប៉ុណ្ណោះដែលត្រូវប្រជែងគ្នាម្ដងទៀត ជាមួយនឹងការបែងចែកចេញជា២ពូល ក្នុង១ពូល មាន៦ក្រុម ប្រកួតវិលជុំសន្សំពិន្ទុរៀងៗខ្លួន ដើម្បីរកតែ៤ក្រុម ឬអាច ៥ក្រុម ( អាចដល់៥ក្រុម បើសិនជាឈ្នះវគ្គជម្រុះប្រចាំទ្វីប – Play Off Round ) ដោយមិនរាប់បញ្ចូលម្ចាស់ផ្ទះកាតា ដែលមកពីទ្វីបអាស៊ីដូចគ្នានោះទេ។

សម្រាប់ កម្ពុជា ទំនងជាត្រូវប្រកួតនៅវគ្គជម្រុះជុំទី១ ឬជុំដំបូង ដោយសារជារឿយៗតែងតែស្ថិតនៅចន្លោះចំណាត់ថ្នាក់ពី ៣៤ដល់៤៧ នេះ ដោយឡែកសម្រាប់ការចាប់ឆ្នោតផ្គូរផ្គងនឹងត្រូវបង្ហាញឲ្យដឹងដោយ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( The-AFC ) តែនៅមិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ យ៉ាងណាអាចនឹងស្ថិតនៅអំឡុងខែឧសភា ពោលគឺមុនការប្រកួតមកដល់នៅខែមិថុនា៕

 

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម – VFF.org

រូបភាព៖ The Phnom Penh Post

អត្ថបទ៖ ណារ៉ុង

មតិយោបល់