ក្នុងចំណោមក្រុមទាំង ៣ មួយណាអាចជំនួសកៅអីវេស្ទើន សម្រាប់លីគឆ្នាំ២០១៩?

នូ មករា January 9, 2019


ភ្នំពេញ៖ យោងតាមគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមចំនួន ៣ ដែលជាបេក្ខភាព សម្រាប់ចូលរួមការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ រួមមានក្រុម Forza របស់ខេត្តសៀមរាប, ខេត្តកំពង់ចាម និងក្រុមគិរីវង់សុខសែនជ័យ ។

 

លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិ CNCC បានបញ្ជាក់ថា ឆ្លងកាត់កិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្មីៗនេះ ក្លិបត្រូវឡើងលេងលីគកំពូលកម្ពុជា ឆ្នាំ២០១៩ គឺក្រុមប្រកួតជម្រុះក្របខណ្ឌក-១ តែដោយសារគ្មានការប្រកួត ទើប CNCC ពិនិត្យក្រុម Forza, ខេត្តកំពង់ចាម និងក្រុមគិរីវង់សុខសែនជ័យ ដែលបានដាក់ពាក្យវិញ ។

ដោយហេតុនេះ CNCC នឹងពិនិត្យជាក់ស្ដែង អំពីលទ្ធភាពរបស់ក្រុមទាំង ៣ខាងលើ ដើម្បីសម្រេចតើក្រុមណាមួយ នឹងត្រូវឡើងមកលេងលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ជំនួសក្រុមវេស្ទើន ដែលត្រូវបានកាត់ចេញ ក្រោយឈរបាត់តារាង ក្នុងការប្រកួតលីគឆ្នាំ២០១៨ ។ តែបើតាមដំណឹងក្រៅផ្លូវការ ក្រុមដែលមានលទ្ធភាពខ្ពស់ និងអាចឡើងមកលេងលីគឆ្នាំ២០១៩ គឺក្រុមគិរីវង់សុខសែនជ័យ ព្រោះក្រុមនេះ កំពុងរៀបចំខ្លួនឡើងវិញ និងមានលក្ខណៈល្អប្រសើរជាងមុន ។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ គឺគ្រោងនឹងចាប់ផ្ដើមក្នុងខែមេសាខាងមុខ ។ ចំពោះរូបមន្ដប្រកួត CNCC មិនទាន់ធ្វើការប្រកាស និងបញ្ជាក់ច្បាស់លាស់នោះទេ ដោយរង់ចាំការប្រជុំសម្រេចជាមួយក្លឹបទាំងអស់សិន ៕

អត្ថបទ៖ បុត្រា

មតិយោបល់