វិសាខា បង្ហាញគូប្រកួតកម្ដៅសាច់ដុំទី២ នៅថៃជាក្រុមលេងនៅលីគទី៤

មាស សុផាណារ៉ុង January 9, 2019


 

ថៃ៖ បន្ទាប់ពីយកឈ្នះក្រុម Pahang FA របស់ម៉ាឡេស៊ីកាលពីម្សិលមិញ នៅល្ងាចថ្ងៃពុធនេះ ក្រុមវិសាខា បានបង្ហាញក្រុមត្រូវប្រកួតមិត្តភាពកម្ដៅសាច់ទី២ ក្នុងកម្មវិធី Pre-Season Tour របស់ខ្លួន នៅប្រទេសថៃហើយ គឺក្រុមសាកលវិទ្យាល័យ RSU FC(Rangsit University Football Club) របស់ថៃ។

ការប្រកួតមិត្ដភាពលក្ខណៈដកស្រង់បច្ចេកទេសនេះ នឹងធ្វើឡើង នៅកីឡដ្ឋាន Rangsit University នាទីក្រុងបាងកក នាវេលាម៉ោង ៥ល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ស្អែកនេះ។ តាមដឹងក្រុម RSU FC ក៏ជាសមាជិកលីគទី៤ របស់ថៃផងដែរ។

គួរបញ្ជាក់ថា ក្រុមវិសាខា បានធ្វើដំណើរទៅដល់ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ហើយនៅថ្ងៃបន្ទាប់ ពួកគេបានយកឈ្នះអតីតក្រុមចាស់របស់ ចាន់ វឌ្ឍនាកា Pahang FA ៣-១ កាលពីម្សិលមិញ។ តាមគម្រោងពួកគេ នឹងបញ្ចប់ការបោះជំរុំហ្វឹកហាត់នៅថៃ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ខាងមុខ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់