ភ្នំពេញក្រោន អាចនឹងប៉ះ Port FC ក្នុងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Leo Cup 2019

មាស សុផាណារ៉ុង January 8, 2019


 

ថៃ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងចូលរួមក្នុងការប្រកួតពានរង្វាន់ Leo Pre-Season Cup ដែលធ្វើឡើងនៅប្រទេសថៃ ក្នុងអំឡុងពាក់កណ្ដាលខែមករា ដោយនឹងត្រូវប៉ះក្រុមមកពីលីគទី២ ឬលីគកំពូលថៃ ចំនួន៣ក្រុម។

លទ្ធផលពីការចាប់ឆ្នោតដែលធ្វើឡើងនៅប្រទេសថៃ នារសៀលថ្ងៃទី០៨ ខែមករា នេះ បានបង្ហាញថា ភ្នំពេញក្រោន ត្រូវឈរក្នុងនាមជាក្រុមដែលចាំវគ្គ ៨ក្រុមចុងក្រោយជាស្រេច ជាមួយនឹងទីតាំង AEC 1 ដោយតំណាងក្លឹបភ្នំពេញក្រោន លោក ឬទ្ធី សំណាង និងកីឡាករ វ៉ា សុខថន ចូលរួមក្នុងការចាប់ឆ្នោតនេះផងដែរ។

ឈរនៅទីតាំង AEC 1 នេះបានសេចក្ដីថា ភ្នំពេញក្រោន នឹងត្រូវរង់ចាំការឈ្នះពីក្រុមចំនួន៣ រួមមាន វគ្គជម្រុះជុំដំបូង រវាង Nong Bua Pitchaya ( លីគទី២ថៃ ) ជាមួយ Nakornratchasima Mazda FC ( លីគទី១ថៃ ) ក្រុមដែលឈ្នះនៅវគ្គនេះ នឹងត្រូវឡើងមកប៉ះ Port FC ដែលជាក្រុមខ្លាំងប្រចាំលីគផងដែរ នៅវគ្គជម្រុះជុំទី២ ដើម្បីរកក្រុមឈ្នះមកប៉ះ ភ្នំពេញក្រោន នៅវគ្គជម្រុះជុំទី៣ ឬវគ្គ៨ក្រុមចុងក្រោយ ( AEC Stage ) ខណៈការប្រកួតនឹងធ្វើឡើងនៅអំឡុងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។

តាមគម្រោងពានរង្វាន់ដែលធ្វើឡើងនៅប្រទេសថៃមួយនេះ គឺនឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែមករា ហើយបញ្ចប់នៅថ្ងៃទី២៦ ខែដដែល ឆ្នាំ២០១៩។ សម្រាប់ក្លឹបបាល់ទាត់ភ្នំពេញដែលត្រូវបានអញ្ជើញចូលរួមពានរង្វាន់នេះ គឺស្ថិតក្នុងនាមជាក្លឹបតំណាងកម្ពុជា ចំពេលដែលក្លឹបមកពីឡាវ, សិង្ហបុរី និងវៀតណាម ក៏តំណាងប្រទេសរៀងៗខ្លួនចូលរួមផងដែរ។

គួរបញ្ជាក់ថា ពានរង្វាន់មិត្តភាពនេះ មានក្រុមមកពីប្រទេសថៃ ១២ក្រុមដូចជា៖ ក្រុម SCG Muangthong United ក្រុម Port FC ក្រុម Chiangrai United ក្រុម PT Prachaup ក្រុម Nakornratchasima Mazda FC ក្រុម Bangkok Glass FC ក្រុម Chianmai FC ក្រុម Khonkaen FC ក្រុម Nong But Pitchaya ក្រុម Samutsakorn FC ក្រុម Udon FC និងក្រុម Rayong FC ស្របពេលដែលក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍មាន៤ក្រុមផងដែរ គឺ ក្រុម Tampines Rovers FC មកពីសិង្ហបុរី ក្រុម Lao Toyota F.C. មកពីឡាវ និងក្រុម Hanoi FC របស់វៀតណាម៕

 

រូបភាព៖ ​Phnom Penh Crown FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់