ថ្ងៃនេះ ណាហ្គាវើលដ៍ ចេញទៅបោះជំរុំនៅថៃ ត្រៀមពាន AFC Cup

នូ មករា January 8, 2019


ភ្នំពេញ៖ ក្រុមបាល់ទាត់ណាហ្គាវើលដ៍ នឹងធ្វើដំណើរទៅប្រទេសថៃ នៅថ្ងៃទី០៨ ខែមករានេះ ដើម្បីបោះជំរុំហ្វឹកហាត់ និងធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាច្រើន សម្រាប់ការកម្ដៅសាច់ដុំត្រៀមចូលរួមប្រកួតពានរង្វាន់ AFC Cup នាខែកុម្ភៈ និងត្រៀមការពារតំណែងជើងឯកក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ផងដែរ ។

បើតាមការបញ្ជាក់លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៍ បានឲ្យដឹងថា ការចេញហាត់ និងប្រកួតក្រៅស្រុកនេះ គ្រោងធ្វើឡើងជិត ១សប្ដាហ៍ពោលគឺចាប់ពីថ្ងៃទី០៨-១៣ ខែមករា ឆ្នាំ២០១៨ ដោយលោកបានចាត់ទុកនេះគឺជាឱកាសល្អ សម្រាប់កីឡាករចាស់-ថ្មី ពិសេសកីឡាករក្មេងៗ និងកីឡាករបរទេស ក្នុងការស្វែងយល់ចិត្តគ្នា និងទម្រង់លេងឲ្យបានល្អប្រសើរសម្រាប់ត្រៀមពានរង្វាន់ AFC Cup 2019 ដែលនឹងចាប់ផ្ដើមប្រកួតខែក្រោយ។

គ្រូបង្វឹកជួយក្រុមណាហ្គាវើលដ៍លើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៨ បន្ដថា បន្ទាប់ពីធ្វើដំណើរទៅដល់ថៃ ណាហ្គាវើលដ៍ នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមខ្លាំងៗមួយចំនួន ដូចជាក្រុម Police Tero, Assumtion Thonburi និងក្រុម Bangkok Glass ជាដើម ស្របពេលការប្រកួតពាន AFC Cup 2019 ក្រុមតំណាងកម្ពុជានេះ ស្ថិតក្នុងពូល F ជាមួយក្រុម Hanoi FC របស់វៀតណាម, Tampines Rovers របស់សិង្ហបុរី និង Yangon United/Zwekapin United របស់មីយ៉ាន់ម៉ា គ្រាដែលប្រកួតបើកឆាកណាហ្គាវើលដ៍ ប៉ះម្ចាស់ផ្ទះ Hanoi FC នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩៕

អត្ថបទ៖ បុត្រា

មតិយោបល់