អាស៊ីអឺរ៉ុប គ្រោងបន្ថែមទុនសង់ទីលានស្មៅសិប្បនិម្មិត សម្រាប់ហ្វឹកហាត់ថ្មីមួយទៀត

មាស សុផាណារ៉ុង January 8, 2019


 

ភ្នំពេញ៖ បន្ទាប់ពីបង្ហើបគម្រោងផ្លាស់ប្ដូរឈ្មោះថ្មី នៃកីឡដ្ឋាន AEU Sport Park ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប បានបង្ហើបគម្រោងច្បាស់ការមួយទៀត គឺការសាងសង់ទីលានស្មៅសិប្បនិម្មិត ក្នុងបរិវេណកីឡដ្ឋានរបស់ខ្លួន ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ត្រៀមការប្រកួតផ្លូវការនានា ដែលត្រូវប្រកួតលើទីលានស្មៅសិប្បនិម្មិត ។

លោក ផេង ចន្នា មន្ដ្រីក្លឹបកីឡាបាល់ទាត់អាស៊ីអឺរ៉ុប បានបញ្ជាក់ថា តាមគម្រោងទីលានស្មៅសិប្បនិម្មិតនេះ នឹងចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាល ខែមករា ឆ្នាំ២០១៩នេះ ក្នុងបរិវេណកីឡដ្ឋាន AEU Sport Park ផ្ទាល់តែម្ដង ក្រោយទទួលបានការគាំទ្រ និងជំរុញពីឯកឧត្តមបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដើម្បីសម្រួលដល់ការហ្វឹកហាត់ និងការប្រកួតឲ្យកាន់តែល្អប្រសើរ ។

លោកបន្ដថា ចំពោះគម្រោងចំណាយប៉ុន្មាននៅមិនទាន់ដឹងនោះទេ តែទីលានស្មៅសិប្បនិម្មិតនេះ ត្រូវសាងសង់ក្នុងទំហំស្ដង់ដារមួយ ដែលអាចបម្រើឲ្យការហ្វឹកហាត់របស់ក្រុមធំបាន ហើយក៏មានបែងចែកជាការធ្វើទីលាហ្វូតសាតតូចៗ សម្រាប់ក្រុមយុវជន និងក្រុមផ្សេងៗ ស្ថិតក្នុងឃុំស្វាយជ្រុំ បានចូលរួមប្រកួត ដើម្បីទទួលបានសុខភាពល្អ និងបំផុសចលនាលេងកីឡាឲ្យកាន់តែច្រើន ពេលទីលាននេះទំនេរពីការហ្វឹកហាត់ដែរ ។

គួរបញ្ជាក់ថា កីឡដ្ឋាន AEU Sport Park និងប្រើប្រាស់បានជិត ១រដូវកាល ក្នុងឆ្នាំ២០១៨ តែគួរឲ្យស្ដាយ នៅចុងរដូវកាល ដោយសារគ្រោះទឹកជំនន់ កីឡដ្ឋាននេះ បានរងការលេចលង់ជាច្រើនខែ ធ្វើឲ្យខូចខាតស្មៅទាំងស្រុង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ប៉ុន្ដែឥលូវកីឡដ្ឋាននេះ បានជួសជុល និងរៀបចំឡើងវិញហើយ ដើម្បីត្រៀមស្វាគមន៍រដូវកាលថ្មីខាងមុខ ទាំងការប្រកួតលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ ៕

 

រូបភាព៖ អាសុីអឺរ៉ុប យូណាយធីត – AEU & CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់