វិសាខា ប៉ះអតីតក្រុមរបស់ ចាន់ វឌ្ឍនាកា ម៉ោង ៥ល្ងាចនេះនៅថៃ

មាស សុផាណារ៉ុង January 8, 2019


 

ថៃ៖ ក្រុមបាល់ទាត់វិសាខា នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុម Pahang FA ដែលជាក្លឹបចាស់កីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា ធ្លាប់រួមរស់គ្រាលេងក្នុងក្របខណ្ឌលីគកំពូលម៉ាឡេស៊ី នាវេលាម៉ោង៥ល្ងាច ថ្ងៃទី០៨ ខែមករានេះ នៅទីលាន Buriram Training Centre ខេត្ត Buriram ប្រទេសថៃ។

នេះគឺជាការប្រកួតមិត្តភាពដំបូងរបស់ក្រុមសមាជិកលីគកំពូលកម្ពុជា អំឡុងពេលពួកគេទៅបោះជំរុំហ្វឹកហាត់ នៅទីក្រុងបាងកក ដើម្បីត្រៀមរដូវកាលថ្មី បន្ទាប់ពីក្រុមវិសាខា បានធ្វើដំណើរទៅដល់ប្រទេសថៃកាលពីល្ងាចមិញ។ ប៉ុន្ដែចំពោះគូប្រកួតបន្ទាប់ ក្នុងកម្មវិធី Pre-Season Tour នេះ វិសាខាមិនទាន់ទម្លាយឲ្យដឹងនោះទេ ។

គួរបញ្ជាក់ថា វិសាខា គ្រោងចំណាយពេលជិតកន្លះខែ ដើម្បីបោះជំរុំហ្វឹកហាត់ និងប្រកួតមិត្តភាព ត្រៀមរដូវកាលថ្មី ចាប់ពីថ្ងៃទី០៧-១៨ ខែមករាខាងមុខ ។ ទន្ទឹមជាមួយគ្នា ក៏មានក្រុមកម្ពុជា ២ក្រុមទៀត នឹងធ្វើដំណើរទៅបោះជំរុំ និងប្រកួតនៅថៃដែរ រួមមានក្រុមណាហ្គាវើល ពិសេសក្រុមភ្នំពេញក្រោន ដែលត្រូវចូលរួមប្រកួតពានរង្វាន់ Leo Pre-Season Cup 2019 ខណៈក្រុមតំណាងកម្ពុជា ត្រូវឈរចាំនៅវគ្គ ៨ក្រុមចុងក្រោយ ៕

 

រូបភាព៖ វិសាខា & Pahang 

អត្ថបទ៖ បុត្រា 

មតិយោបល់