៣ក្រុមរួមពូលជាមួយ U-22 កម្ពុជា ក្នុងពាន AFF U-22 Championship ចាប់ផ្ដើមប្រមូលផ្ដុំមុនមកកម្ពុជានៅខែក្រោយ

មាស សុផាណារ៉ុង January 8, 2019


 

ភ្នំពេញ៖ នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជានឹងទទួលបានសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម២២ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U-22 Championship ដោយក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា ស្ថិតនៅពូល B ជាមួយ ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។

គ្រាដែលពានរង្វាន់កាន់តែមកដល់ជាង១ខែទៀត នាពេលខាងមុខ ក្រុមជម្រើសជាតិយុវជន៣ក្រុម រួមមាន U-22 មីយ៉ាន់ម៉ា, U-22 ម៉ាឡេស៊ី និង U-22 ឥណ្ឌូនេស៊ី បានចាប់ផ្ដើមកោះហៅកីឡាករ និងប្រមូលផ្ដុំហ្វឹកហាត់ជាបណ្ដើរៗហើយ ដើម្បីត្រៀមខ្លួនឲ្យបានកាន់តែល្អសម្រាប់ពានរង្វាន់នេះ ខណៈម្ចាស់ផ្ទះ U-22 កម្ពុជា ជាមួយ U-22 សិង្ហបុរី នៅមិនទាន់មានដំណឹងអំពីការកោះហៅកីឡាករ ក៏ដូចជាការប្រមូលផ្ដុំនៅឡើយទេ។

U-22 មីយ៉ាន់ម៉ា ត្រូវបានដឹងថាបច្ចុប្បន្នកំពុងប្រមូលផ្ដុំហ្វឹកហាត់ ហើយបាននឹងកំពុងហ្វឹកហាត់នៅប្រទេសអូម៉ង រួមទាំងមានការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុម U-22 អូម៉ង ផ្ទាល់ផងដែរ។

ងាកមក U-22 ឥណ្ឌូនេស៊ី វិញកាលពីថ្ងៃទី០៤ ខែមករា សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បានធ្វើការកោះហៅកីឡាករចំនួន៣៨រូប ដែលជាការកោះហៅបឋមដើម្បីត្រៀមប្រមូលផ្ដុំហ្វឹកហាត់ ដោយចាប់ផ្ដើមពីថ្ងៃទី០៧ មករា តទៅ មុននឹងសម្រេចជម្រុះមកនៅត្រឹមបញ្ជី២៣នាក់ចុងក្រោយ។

ដោយឡែកសម្រាប់ U-22 ម៉ាឡេស៊ី ក៏បានកោះហៅកីឡាករ២៥នាក់ផងដែរ កាលពីថ្ងៃទី០៤ ខែដដែលនេះ ហើយនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅថ្ងៃទី០៩ ខាងមុខនេះ ជាមួយនឹងគម្រោងចេញទៅបោះជំរុំហ្វឹកហាត់នៅប្រទេសថៃ បូករួមនឹងការប្រកួតមិត្តភាពនៅទីនោះផងដែរ។

សម្រាប់ក្រុមជម្រើសជាតិកម្ពុជា អយុក្រោម២២ឆ្នាំ វិញបើតាមសម្ដីរបស់ លោក ឈូក ពិសិដ្ឋ ដែលជាអ្នកចាត់ការទូទៅក្រុមជម្រើស​ជាតិ បានបញ្ជាក់ថាកាលបរិច្ឆេទនៃការប្រមូលផ្ដុំនៅមិនទាន់សម្រេចនៅឡើយនោះទេ ប៉ុន្តែលោកថាសហព័ន្ធនឹងធ្វើការប្រកាសឆាប់ៗនេះ រួមជាមួយនឹងសមាសភាពគ្រូដែលត្រូវដឹកនាំផងដែរ។

គួរដឹងដែរថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម២២ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U-22 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ហើយបញ្ចប់នៅថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ មានក្រុមចំនួន១១ចូលរួមប្រកួត បែងចែកចេញជា២ពូល រួមមានពូល A វៀតណាម, ថៃ, ទីម័រខាងកើត, ឡាវ, ព្រុយណេ និងហ្វីលីពីន ស្របពេលដែលពូល B មានកម្ពុជា ( ជាម្ចាស់ផ្ទះ ) ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី៕

 

​** បញ្ចាក់ ការប្រកួតពានរង្វាន់ដដែលនេះ ត្រូវបានដឹងថាធ្វើឡើងជាលើកទី២ បន្ទាប់ខកខានក្នុងការរៀបចំតាំងពីឆ្នាំ២០០៥ អាចនិយាយបានថា ក្រៅតែប្រកួតដណ្ដើមជើងឯកប្រចាំតំបន់ហើយនោះ ពានដដែលនេះ អាចជាការត្រៀមសម្រាប់ព្រឹត្តិការណ៍២ធំៗ រួមមាន ជម្រុះជើងឯកទ្វីបអាស៊ី អាយុក្រោម២៣ឆ្នាំ សម្រាប់ឆ្នាំ២០២២ ( AFC U-23 Championship 2022 ) និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) ដែលហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០១៩ខាងមុខនេះផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ​& Football Association of Malaysia & Myanmar Football Federation

អត្ថបទ៖ ណារ៉ុង

មតិយោបល់