ការលើកឡើងរបស់ លោក មាស ចាន់ណា ជុំវិញការនាំចូល Kipson និង Omogba មករួមក្លឹបណាហ្គាវើល

មាស សុផាណារ៉ុង January 6, 2019


 

ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ក្លឹបបាល់ទាត់ណាហ្គាវើល បានធ្វើការប្រកាសជាផ្លូវការពីការនាំចូលសមាជិកថ្មី២រូប ដែលជាអតីតកីឡាកររបស់ខ្លួន និងពោរពេញទៅដោយបទពិសោធន៍ក្នុងលីគកំពូលកម្ពុជា រួមមាន Paul Omogba និង Atuheire Kipson ខណៈការចូលរួមរបស់កីឡាករទាំងពីររូបនេះ ត្រូវបានលោក មាស ចាន់ណា ដែលជាគ្រូបង្វឹកផ្ទាល់មានយោបល់ជុំវិញការនាំចូលនេះ។

Paul Omogba ត្រូវបានដឹងថាចុះកុងត្រាមុន បន្ទាប់ទើបជាការផ្ដល់កិច្ចសន្យាមួយផ្សេងទៀតដល់ Atuheire Kipson ភ្លាមៗ លោក មាស ចាន់ណា គ្រូបង្វឹកនៃក្លឹបដែលត្រូវការពារតំណែងជើងឯកមួយនេះបានលើកឡើងជុំវិញការនាំ Kipson ថាដោយសារកីឡាកររូបនេះខ្លាំងនៅតំបន់ខាងលើ ដែលអាចគ្រប់គ្រងតំបន់ប្រយុទ្ធ ឬអាចហៅថាជាប្រយុទ្ធទោល និងទី២ដោយសារកីឡាកររូបនេះយល់ពីទម្រង់របស់លោកបានច្រើនកាលពីដែលរូបគេធ្លាប់រួមរស់ជាមួយណាហ្គាវើល កាលពីឆ្នាំ២០១៧ ដោយឡែកសម្រាប់ Omogba វិញ លោកថាដោយសារកីឡាកររូបនេះ មានល្បឿនលឿន និងល្អក្នុងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី ( Assist ) ជាមួយនឹង Kipson បញ្ចប់ទីបានល្អ ដូច្នេះកីឡាករទាំងរូបនេះគឺជាក្ដីរំពឹងថានឹងរកគ្រាប់បាល់បានច្រើនសម្រាប់ក្លឹប។

ណាហ្គាវើល នៅសល់កៅអីសម្រាប់ការនាំចូលកីឡាករបរទេស១រូបទៀត ពោលគឺម្នាក់នោះដាច់ខាតត្រូវតែជាកីឡាករដែលមានដើមកំណើតជាជនជាតិអាស៊ី ស្របពេលដែលបច្ចុប្បន្នក្លឹបមានកីឡាករបរទេស ៣រូប រួចស្រេចហើយ ដូចជាសមាជិកចាស់វស្សា Anderson Zogbe និង២រូបចុងក្រោយ Paul Omogba និង Atuheire Kipson នេះផ្ទាល់តែម្ដង គ្រាដែលសមាជិកចាស់ៗមួយចំនួនដូចជា Bisan George, Mathew Osa បានចាកចេញ ចំពេលដែលក្លឹបក៏ត្រូវប្រកួតក្នុងពាន AFC Cup 2019 ទល់នឹងក្រុមខ្លាំងក្នុងតំបន់ និងស្របទៅនឹងគោលដៅរបស់ណាហ្គាវើល នៅឆ្នាំ២០១៩នេះ ដែលនឹងប្រើប្រាស់កីឡាករបរទេសតែ៤រូបប៉ុណ្ណោះ នេះបើតាមការបញ្ជាក់ដោយ លោក មាស ចាន់ណា ដដែលជាមួយសារព័ត៌មានក្នុងស្រុកកាលពីពេលកន្លងមក។

ណាហ្គាវើល ត្រូវមានភារកិច្ចធំៗដល់ទៅ៣ សម្រាប់រដូវកាល២០១៩ខាងមុខនេះ ដោយត្រូវតំណាងឲ្យក្លឹបបាល់ទាត់ពីកម្ពុជា ចូលរួមប្រកួតពានកម្រិតទី២ប្រចាំទ្វីបអាស៊ី AFC Cup 2019 មុននឹងបន្តការពារតំណែងជើងឯកលីគកំពូលកម្ពុជា និងប្រជែងយកពានរង្វាន់​សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ ដែលខ្លួនខកខានឈ្នះរយៈពេល៥ឆ្នាំ មកហើយនោះ៕

 

រូបភាព៖ NagaWorld FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់