លោក ហៅ សុជាតិ ថាបឹងកេតគ្មានបញ្ហា ទោះកីឡាករល្អៗចាកចេញ ឯ CV-11 នៅតែជារឿងសម្ងាត់

នូ មករា January 5, 2019


ភ្នំពេញ៖ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត ហាក់គ្មានក្ដីបារម្ភ ចំពោះកីឡាករបរទេស ដូចជា Maycon Calijuri, Esoh Paul Omogba និងកីឡាករ Julius Oiboh នោះទេ ទោះបីលោកចាត់ទុកពួកគេ គឺជាកីឡាករល្អ បើធៀបនឹងកីឡាករបរទេសមកប្រកបអាជីពក្នុងស្រុកក៏ដោយ ព្រោះក្លឹបត្រូវការប្រព័ន្ធលេងថ្មី ។ រីឯរឿង ចាន់ វឌ្ឍនាកា នៅតែជារឿងសម្ងាត់ ដោយលោកមិនទាន់បញ្ជាក់ពីអនាគតរបស់ខ្សែប្រយុទ្ធរហស្សនាម CV-11 នេះទេ ។

លោកនិយាយថា៖ «យើងដឹងពួកគេ គឺជាកីឡាករល្អ ហើយធ្លាប់បានជួយក្លឹបច្រើន សម្រាប់ប៉ុន្មានរដូវកាលមកនេះ ….ប៉ុន្ដែការចាកចេញនេះ មិនប៉ះពាល់ដល់ក្លឹបនោះទេ ណាមួយការចាកចេញ គឺជាការសម្រេចរបស់បុគ្គលខ្លួនគាត់ ។ តែយ៉ាងណាការផ្លាស់ប្ដូរនេះ ដោយសារយើងចង់ផ្លាស់ប្ដូរចនាសម្ព័ន្ធខ្លះ និងទម្រង់លេងខ្លះ ចឹងហើយបានយើងកែសម្រួលកីឡាករបរទេសខ្លះ សម្រាប់ការត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ខាងមុខ» ។


ដោយឡែកពាក់ព័ន្ធកីឡាករ ចាន់ វឌ្ឍនាកា មិនត្រូវបានលោក ហៅ សុជាតិ បញ្ជាក់ឲ្យបានច្បាស់លាស់ ជុំវិញព័ត៌មានចាកចេញ ឬបញ្ចប់អាជីពបាល់ទាត់នោះទេ ដោយលោកគ្រាន់តែបង្ហើបថា គឺជារឿងផ្ទៃក្នុងរបស់ក្លឹប ដែលកំពុងធ្វើការដោះស្រាយ ដែលធ្វើឲ្យអ្នកគាំទ្រ មានមន្ទិលកាន់តែខ្លាំង ស្របពេលកន្លងមក មានពាក្យចរចាមអារាមផ្សេងៗគ្នាជាច្រើនថា CV-11 បានចាកចេញពីបឹងកេត ទៅរួមរស់ជាមួយក្លឹបវិសាខា ក្លឹបបរទេស រហូតមានលេចលឺថា គេអាចនឹងចូលនិវត្តន៍ទៀតផង ។

គួរបញ្ជាក់ថា បច្ចុប្បន្នបឹងកេត មិនទាន់រកបានកីឡាករបរទេស មកជំនួសកៅអីកីឡាករបរទេស ដែលបានចាកចេញនោះទេ ប៉ុន្ដែលោក ហៅ សុជាតិ បានបញ្ជាក់ថា ក្លឹបកំពុងសម្លឹករក ដោយជ្រើសរើសឲ្យគ្រប់កូតាលីគកំពូលកម្ពុជា គឺប្រើកីឡាករអឺរ៉ុប ៤នាក់ និងអាស៊ីម្នាក់ ។ រីឯកីឡាករក្នុងស្រុក បឹងកេតក៏ត្រូវការជ្រើសរើសបន្ថែម ២ ទៅ ៣នាក់ដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់