ល្បីថាលោក មាស សំអឿន មកដឹកនាំក្រុម EDC នារដូវកាលថ្មីពិត ឬអត់?

នូ មករា January 4, 2019


ភ្នំពេញ៖ បន្ទាប់ពីបាត់វត្តមានក្នុងការដឹកនាំក្លឹប ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ហើយទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជារួចមក ថ្មីៗនេះអ្នកគាំទ្របានភ្ញាក់ផ្អើល ក្រោយឃើញលោក មាស សំអឿន បង្ហាញវត្តមានជាមួយក្លឹបអគ្គិសនីកម្ពុជា(EDC) ។ តើលោកនឹងដឹកនាំក្លឹប EDC នារដូវកាលថ្មី ឬយ៉ាងណា?

បន្ទាប់ពីក្លឹបអគ្គិសនីកម្ពុជា បានបង្ហោះរូបលោក មាស សំអឿន កំពុងបង្ហាត់កីឡាករ នៅកីឡដ្ឋាន EDC ប្រភពពីក្លឹបសមាជិកលីគកំពូលកម្ពុជានេះ បានបង្ហើបថា អតីតគ្រូបង្វឹកក្រុមបៀលប្រាយយូណាយធីតនេះ ពិតជាបានចូលបម្រើការងារជាមួយក្លឹបអគ្គិសនីកម្ពុជាពិតមែន តែមិនមែនកាន់តំណែងគ្រូធំនោះទេ គឺលោកធ្វើជាគ្រូជំនួយរបស់លោក ប្រាក់ វុទ្ធី ហើយអាចនឹងមានការប្រែប្រួលទៅតាមការរៀបចំរបស់ថ្នាក់ដឹកនាំក្លឹបជាក់ស្ដែងទៀត។

ប្រភពដដែលបន្ដថា ក្រៅពីជួយការងារក្រុមធំ អតីតគ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញរូបនេះ ក៏នឹងផ្ដោតលើការងារអភិវឌ្ឍន៍ថ្នាលយុវជន ដែលក្លឹបអគ្គិសនីកម្ពុជា កំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ ដើម្បីបង្កើតធនធានកីឡាករក្នុងស្រុកផ្ទាល់ខ្លួនដែរ ។ បើតាមការបញ្ជាក់របស់ប្រភពខាងលើ លោក មាស សំអឿន បានចូលរួមជាមួយក្លឹបអគ្គិសនីកម្ពុជា តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩មកម្ល៉េះ៕


អត្ថបទ៖ បុត្រា
ប្រភពរូបភាព៖ EDC

មតិយោបល់