ភ្នំពេញក្រោន អង្គុយរង់ចាំក្នុងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Leo Pre-Season Cup

មាស សុផាណារ៉ុង January 4, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងចូលរួមក្នុងការប្រកួតពានរង្វាន់ Leo Pre-Season Cup ដែលធ្វើឡើងនៅប្រទេសថៃ ក្នុងអំឡុងពាក់កណ្ដាលខែមករា ខណៈក្រុមតំណាងកម្ពុជា មួយនេះនឹងអង្គុយរង់ចាំក្នុង វគ្គ៨ក្រុមចុងក្រោយជាស្រេច ចាំប៉ះក្រុមឈ្នះដែលមានមកពីលីគកំពូល និងលីគទី២ថៃ។

ពានរង្វាន់មិត្តភាពនេះ មានក្រុមមកពីប្រទេសថៃ ១២ក្រុមដូចជា៖ ក្រុម SCG Muangthong United ក្រុម Port FC ក្រុម Chiangrai United ក្រុម PT Prachaup ក្រុម Nakornratchasima Mazda FC ក្រុម Bangkok Glass FC ក្រុម Chianmai FC ក្រុម Khonkaen FC ក្រុម Nong But Pitchaya ក្រុម Samutsakorn FC ក្រុម Udon FC និងក្រុម Rayong FC ស្របពេលដែលក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍មាន៤ក្រុមផងដែរ គឺ ក្រុម Tampines Rovers FC មកពីសិង្ហបុរី ក្រុម Lao Toyota F.C. មកពីឡាវ និងក្រុម Hanoi FC របស់វៀតណាម។

តាមការរៀបចំដោយគណៈកម្មាការប្រកូតក្នុងពាននេះ ធ្វើឡើងជារបៀបប្រកួតវគ្គជម្រុះចាញ់ធ្លាក់ និងផ្គូរផ្គង់ឲ្យក្រុមថៃទាំង១២ប៉ះគ្នាជាមុនសិន រួមមានពីវគ្គជម្រុះជុំដំបូង មានការប្រកួតចំនួន៨គូ ( មានក្រុមពីលីគទី១ និងលីគទី២ថៃ ) មុននឹងបន្តឡើងមកជុំទី២ ប៉ះក្រុមគីឡូធ្ងន់ ៤ក្រុមដូចជា SCG Muangthong United, Port FC, Chiangrai United និង PT Prachaup ដើម្បីរកក្រុមឈ្នះឡើងមកប៉ះក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍ទាំង៤ ដែលមានភ្នំពេញក្រោនផងដែរនោះ អង្គុយរង់ចាំក្នុងវគ្គជម្រុះជុំទី៣ ឬវគ្គ៨ក្រុមចុងក្រោយ។

ចំពោះថាតើភ្នំពេញក្រោន នឹងត្រូវប៉ះក្រុមណានោះ នៅមិនទាន់ដឹងនៅឡើយទេ ដោយក្រុម៤ដែលឈ្នះនៅវគ្គជម្រុះជុំទី២ នឹងត្រូវចាប់ឆ្នោតផ្គូរផ្គងប៉ះក្រុមពីតំបន់អាស៊ីអាគ្នេយ៍ទាំង៤នេះ នៅអំឡុងដើមសប្ដាហ៍ក្រោយ ដោយមានតំណាងពីម្ចាស់ក្លឹបភ្នំពេញក្រោន លោក ឬទ្ធី សំណាង និងអគ្គលេខាធិការក្លឹប លោក លី ហៀង រួមទាំងតំណាងក្លឹបដែលចូលរួមពានរង្វាន់នេះ ទៅចូលរួមសន្និសីទសារព័ត៌មាន និងការចាប់ឆ្នោតនៅទីនោះ។

គួរដឹងថា តាមគម្រោងពានរង្វាន់ដែលធ្វើឡើងនៅប្រទេសថៃមួយនេះ គឺនឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែមករា ហើយបញ្ចប់នៅថ្ងៃទី២៦ ខែដដែល ឆ្នាំ២០១៩។ សម្រាប់ក្លឹបបាល់ទាត់ភ្នំពេញដែលត្រូវបានអញ្ជើញចូលរួមពានរង្វាន់នេះ គឺស្ថិតក្នុងនាមជាក្លឹបតំណាងកម្ពុជា ចំពេលដែលក្លឹបមកពីឡាវ, សិង្ហបុរី និងវៀតណាម ក៏តំណាងប្រទេសរៀងៗខ្លួនចូលរួមផងដែរ៕

 

រូបភាព៖ Phnom Penh Crown & We Are Leo Thailand

អត្ថបទ៖ ណារ៉ុង

មតិយោបល់