កម្លាំងប្រយុទ្ធណាហ្គាវើល កាន់តែមុតស្រួចក្រោយរយៈពេលត្រឹម១សប្ដាហ៍ នាំចូលអតីតកីឡាករបរទេសរបស់ខ្លួនពីររូបមករួមក្រុមវិញ

មាស សុផាណារ៉ុង January 4, 2019


 

ភ្នំពេញ៖ ក្នុងរយៈពេលត្រឹមតែ១សប្ដាហ៍ក្លឹបបាល់ទាត់ណាហ្គាវើល បានធ្វើការនាំចូលកម្លាំងសំខាន់នៅតំបន់ជួរមុខដល់ទៅ២រូប និងពោរពេញទៅដោយបទពិសោធន៍ក្នុងលីគកំពូលកម្ពុជា ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់ធ្លាប់ស្គាល់ ពោលគឺកីឡាករបរទេសដែលជាអតីតកីឡាកររបស់ខ្លួន Atuheire Kipson និង Esoh Paul Omogba។

នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ក្លឹបណាហ្គាវើល បានធ្វើការប្រកាសជាផ្លូវការអំពីការនាំចូលសមាជិកថ្មីដែលជាកីឡាករបរទេស ទាំង២រូប រួមមានកីឡាករសញ្ជាតិអ៊ូហ្គង់ដា Atuheire Kipson ( ផ្លាស់ពីក្រុមលីគទី២ម៉ាឡេស៊ី UKM ) និងកីឡាករសញ្ជាតិនីហ្សេរីយ៉ា Esoh Paul Omogba ( ផ្លាស់ពីបឹងកេត ) ខណៈការនាំចូលនេះត្រូវបានចាត់ទុកថាជាការរៀបចំប្រព័ន្ធប្រយុទ្ធឲ្យកាន់តែមុតស្រួចថែមទៀត គ្រាដែលសមាជិកចាស់ៗមួយចំនួនដូចជា Bisan George, Mathew Osa បានចាកចេញ ចំពេលដែលក្លឹបក៏ត្រូវប្រកួតក្នុងពាន AFC Cup 2019 ទល់នឹងក្រុមខ្លាំងក្នុងតំបន់។

ចាំបានថា Paul Omogba និង Kipson សុទ្ធសឹងតែធ្លាប់ជាអតីតកីឡាកររបស់ក្លឹបណាហ្គាវើល ពោលគឺ Omogba ធ្លាប់លេងឲ្យ​ណាហ្គា កាលពីអំឡុងឆ្នាំ២០១១ ខណៈ Kipson ធ្លាប់រួមរស់ជាមួយណាហ្គា កាលពីឆ្នាំ២០១៧ និងជួយឲ្យក្លឹបបានលេខ៣ ក្នុងលីគ ថែមទាំងទទួលបានស្បែកជើងមាស ( ២៣គ្រាប់ ពីការប្រកួត២៨លើក ) ផងដែរ។

ណាហ្គាវើល ត្រូវមានភារកិច្ចធំៗដល់ទៅ៣ សម្រាប់រដូវកាល២០១៩ខាងមុខនេះ ដោយត្រូវតំណាងឲ្យក្លឹបបាល់ទាត់ពីកម្ពុជា ចូលរួមប្រកួតពានកម្រិតទី២ប្រចាំទ្វីបអាស៊ី AFC Cup 2019 មុននឹងបន្តការពារតំណែងជើងឯកលីគកំពូលកម្ពុជា និងប្រជែងយកពានរង្វាន់​សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ ដែលខ្លួនខកខានឈ្នះរយៈពេល៥ឆ្នាំ មកហើយនោះ៕

 

រូបភាព៖ NagaWorld FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់