រ៉ឹង ប៊ុនហៀង ថាមានក្លឹបថៃ និងម៉ាឡេស៊ី ទាក់ទងទៅធ្វើតេស្ដ តែត្រូវក្លឹបបដិសេធ ព្រោះ…!

មាស សុផាណារ៉ុង January 4, 2019


 

ភ្នំពេញ៖ បន្ទាប់ពីការចរចារវាងក្លឹបក្រសួងការពារជាតិ និងក្លឹបសមាជិកលីគទី ២ របស់ឥណ្ឌា FC Imphal City ជុំវិញការផ្ទេរកីឡាករ រ៉ឹង ប៊ុនហៀង ត្រូវបានបរាជ័យ ប្រធានក្រុមក្រសួងការពារជាតិរូបនេះ បានទម្លាយមានក្លឹបថៃ និងម៉ាឡេស៊ីចំនួនពីរ បានទាក់ទងខ្លួនទៅធ្វើតេស្ដ តែត្រូវបានក្លឹបខ្លួនបដិសេធ ព្រោះខ្លាចជួបរឿងខកចិត្ត ដូចការចរចាជាមួយក្លឹប FC Imphal City។

កីឡាករជម្រើសជាតិកម្ពុជា រ៉ឹង ប៊ុនហៀង បានឲ្យដឹងថា «ដំណាលគ្នានឹងការចរចាជាមួយក្លឹបឥណ្ឌា FC Imphal City ក៏មានក្លឹបថៃ និងម៉ាឡេស៊ី ទាក់ទងខ្ញុំដែរ តែគេឲ្យខ្ញុំទៅធ្វើតេស្ដសិន ដល់ចឹងក្លឹប (ក្រសួងការពារជាតិ) អត់អនុញ្ញាតទេ ព្រោះគេចង់ឲ្យខ្ញុំទៅហ្វឹកហាត់សិន ហើយក្លឹបជាអ្នកចំណាយទៀត ចឹងហើយបានក្លឹបអត់ព្រម ព្រោះអត់ប្រាកដពួកគេត្រូវការ និងយកយើងផង»

គួរបញ្ជាក់ថា ជុំវិញព័ត៌មាន រ៉ឹង ប៊ុនហៀង ត្រូវបានក្លឹបក្រៅស្រុក តាមប្រមាញ់នេះ ស្របពេលខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ទទួលរងការរិះគន់យ៉ាងចាស់ដៃ អំឡុងពេលជួយក្រុមជម្រើសជាតិ ក្នុងពាន AFF Suzuki Cup 2018 ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺការចរចាជាមួយក្លឹប FC Imphal City ដែលធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំលទ្ធផល តែចុងក្រោយត្រូវបរាជ័យ ព្រោះការចរចាប្រាក់ខែមិនត្រូវគ្នា ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់