កីឡដ្ឋានវិសាខា ចាប់ផ្ដើមសាងសង់បង្គោលភ្លើងសម្រាប់ការប្រកួតពេលយប់

មាស សុផាណារ៉ុង January 4, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់វិសាខា បាននឹងកំពុងសាងសង់បង្គោលភ្លើងសម្រាប់បំភ្លឺដល់ការប្រកួតពេលយប់នៅលើកីឡដ្ឋានដ៏ថ្មីស្រឡាងរបស់ខ្លួនហើយ បន្ទាប់ពីកីឡដ្ឋានមួយនេះដំណើរការសាងសង់ទីលាន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតរួចរាល់ស្ទើរតែ១០០ភាគរយ។

បើតាមការបញ្ជាក់ ពីសំណាក់លោក ហុក សុចិត្រា អ្នកចាត់ការទូទៅនៃក្លឹបនេះបានឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នកីឡដ្ឋានរបស់ក្លឹបកំពុងចាប់ផ្ដើមជីកដី ដើម្បីរៀបចំដាំបង្គោលភ្លើងសងខាងហើយ ដោយសង្ឃឹមថានឹងរួចរាល់ផងដែរនៅមុនលីគចាប់ផ្ដើម។ ជាមួយគ្នានោះ អ្នកចាត់ការទូទៅដដែលរូបនេះ ក៏បានបង្ហើបពីការដាក់ជួលកីឡដ្ឋានផងដែរ ដើម្បីជួយសម្រួលដល់ក្លឹបដែលមិនទាន់មានកីឡដ្ឋានផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់តែការប្រកួតផ្លូវការប៉ុណ្ណោះ។

សូមបញ្ជាក់ថា កីឡដ្ឋាន​របស់​ក្លឹប​បាល់ទាត់​វិសាខា ​មាន​ទីតាំង​នៅ​តំបន់​ហ្រ្គែន​ភ្នំពេញ ​បានដំណើរការសាងសង់ជិត១ឆ្នាំមកហើយ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាកន្លែង​អង្គុយទស្សនា ដែល​អាច​ផ្ទុកទស្សនិកជន ​បាន​ពី​៥​ពាន់​ ទៅ​ ៧​ពាន់​នាក់ ​ភ្ជាប់ជាមួយទីលាន, កន្លែងហ្វឹកហាត់ រួមទាំងបំពាក់ទៅដោយបរិក្ខាទំនើបៗនៅតាមបន្ទប់ប្រជុំ, បន្ទប់គេង និងមានផ្ទះបាយផងដែរ និងការសាងសង់ចុងក្រោយនេះ គឺបង្គោលភ្លើងបំភ្លឺពេលយប់ផ្ទាល់តែម្ដង៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់