បឹងកេតជួបបញ្ហាក្រោយអ្នកចាំទីចាស់វស្សា គឹម មករា ទទួលរងរបួស និងសម្រាកពេញមួយរដូវកាល

មាស សុផាណារ៉ុង January 2, 2019


ភ្នំពេញ៖ អ្នកចាំទីដៃទីមួយ របស់ក្លឹបបាល់ទាត់បឹងកេត កីឡាករ គឹម មករា នឹងត្រូវសម្រាករហូតដល់ចប់រដូវកាល២០១៩ ទាំងពុំទាន់បានប្រកួត ក្រោយទទួលរងរបួសនៅក្នុងពេលហ្វឹកហាត់ នេះបើតាមការបញ្ជាក់នៅលើគេហទំព័ររបស់ក្លឹប នារសៀលថ្ងៃទី០២ មករា នេះ។

ក្លឹបបានបញ្ជាក់ថា គឹម មករា ទទួលរងរបួសដាច់សរសៃជង្គង់ខាងស្តាំ (ACL) ក្នុងអំឡុងពេលហ្វឹកហាត់ ហើយក្រោយត្រឡប់ពីពិនិត្យស្ថានភាពរបួសនៅឯប្រទេសវៀតណាម កាលពីដើមខែធ្នូកន្លងទៅ ​អតីត​អ្នកចាំទី​គីរីវង់សុខសែនជ័យ​រូបនេះ នឹងត្រូវបន្តធ្វើការវះកាត់ព្យាបាលរបួសក្នុងអំឡុងចុងខែមករា ខាងមុខ។

រដូវកាលមុន មករា ត្រូវបានចាត់ទុកជាកម្លាំងដ៏សំខាន់សម្រាប់ជារណាំងការពារសំណាញ់ទីផងដែរ បន្ទាប់ពីការចាកចេញរបស់ ស៊ូ យ៉ាទី ទៅកាន់ណាហ្គាវើល កាលពីពាក់កណ្ដាលរដូវកាល២០១៨។ អាចជាវិបត្តិសម្រាប់ក្លឹបផងដែរ គ្រាដែលបច្ចុប្បន្នក្លឹបមានអ្នកចាំទី២រូប សុទ្ធសឹងតែមានបទពិសោធន៍ខ្ចីរវាង អ៊ុំ​ ចាន់នូ និង ហ៊ុល គឹមហ៊ុយ នេះបើតាមការបញ្ជាក់ ដោយលោក ហៅ សុជាតិ នៅលើវិបសាយផ្លូវការរបស់ក្លឹប៕

 

រូបភាព៖ Boeung Ket Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់