តើ បឹងកេត អាចជួបឧបសគ្គទេ ក្រោយកីឡាករប៉ុន្មាននាក់នេះចាកចេញ?

នូ មករា January 2, 2019


ភ្នំពេញ៖ មុនឆ្លងឆ្នាំសកល ឆ្នាំ២០១៩ ក្លឹបបាល់ទាត់បឹងកេត បានប្រកាសពីការចាកចេញរបស់កីឡាករសំខាន់ៗមួយចំនួន ដែលធ្លាប់បានជួយក្លឹបទទួលបានជោគជ័យប៉ុន្មានរដូវកាលចុងក្រោយ ដូចជាកីឡាករ Maycon Calijuri, Esoh Paul Omogba និងកីឡាករ Julius Oiboh ជាដើម ។ ទន្ទឹមជាមួយគ្នា ក៏មានផ្ទុះព័ត៌មានខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានស្ពាយបង្វេចចេញពីបឹងកេតដែរ តែសាមីខ្លួន និងក្លឹបមិនទាន់ប្រកាស។

ចំពោះមន្ទិលជុំវិញការចាកចេញរបស់កីឡាករ ចាន់ វឌ្ឍនាកា ថ្វីត្បិតមិនទាន់មានការប្រកាសផ្លូវការ តែកីឡាករ ចាន់ វឌ្ឍនាកា បានបង្ហាញចេតនាចាកចេញពីអតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលនេះរួចទៅហើយ តាមរយៈសារឆ្លើយឆ្លងលើបណ្ដាញសង្គម កាលពីប៉ុន្មានថ្ងៃមុន ។ ប៉ុន្ដែពាក់ព័ន្ធនឹងបញ្ហានេះ តំណាងក្លឹបបឹងកេត បានសូមរក្សាសិទ្ធមិនធ្វើការបកស្រាយនៅឡើយ ដោយរង់ចាំព័ត៌មានច្បាស់ការសិន ។ ។ តើបឹងកេត អាចជួបឧបសគ្គឬទេក្រោយជួបរឿងដូច្នេះ?

បើផ្អែកលើសមិទ្ធិផលរបស់កីឡាករសំខាន់ៗខាងលើ ប៉ុន្មានរដូវកាលចុងក្រោយមកនេះ ពួកគេពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយក្លឹបបឹងកេត ទាំងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ជាក់ស្ដែង Julius និង Maycon គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចក្នុងការបញ្ចប់ទី គ្រាដែល Omogba ជាខ្សែបម្រើដ៏មានគុណភាពក្នុងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ។ ចំណែក ចាន់ វឌ្ឍនាកា ក៏ជាខ្សែប្រយុទ្ធបង្កគ្រោះថ្នាក់ដល់គូប្រជែងដែរ ទោះបីគេមិនសូវជោគជ័យ ជាមួយអាជីពក្រៅស្រុកក៏ដោយ។

ដោយហេតុនេះ ក្រោយមានព័ត៌មានចាកចេញជាបន្ដបន្ទាប់របស់ពួកគេ បានធ្វើឲ្យអ្នកគាំទ្រក្លឹបបឹងកេតមួយចំនួន មានការព្រួយបារម្ភ រហូតមានអ្នកខ្លះបានអះអាងថា អាចនឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនារដូវកាលថ្មីខាងមុខទៀតផង ។ យ៉ាងណាមិញពាក់ព័ន្ធបញ្ហានេះ ក៏ត្រូវបានតំណាងក្លឹបបឹងកេត សូមរក្សាសិទ្ធមិនទាន់ធ្វើការបកស្រាយដែរ ដោយរង់ចាំការរៀបចំឲ្យបានល្អប្រសើរសិន ពិសេសពាក់ព័ន្ធនឹងរឿងអតីតសមាជិកក្លឹប Pahang FA ចាន់ វឌ្ឍនាកា តែម្ដង។

សូមបញ្ជាក់ថា ក្នុងចំណោមកីឡាករសំខាន់ៗខាងលើ ក្រោយចាកចេញពីបឹងកេត ពេលនេះមានកីឡាករ ២រូប បានរកឃើញទ្រនំថ្មីហើយ ក្នុងនោះ Maycon បានផ្ទេរទៅលេងឲ្យក្លឹប Shan United របស់មីយ៉ាន់ម៉ា ខណៈ Omogba ផ្ទេរទៅលេងឲ្យក្រុមណាហ្គាវើល ខណៈ Julius មិនទាន់ដឹងនោះទេ ។ ចំណែកកីឡាករ ចាន់ វឌ្ឍនាកា កំពុងត្រូវបានសង្ស័យផ្ទេរទៅលេងឲ្យក្លឹបធំក្នុងស្រុក គឺក្លឹបវិសាខា ខណៈអ្នកខ្លះទៀតបែរជាអះអាងថា ខ្សែប្រយុទ្ធឆ្នើមរូបនេះអាចនឹងចូលនិវត្តន៍ទៅហើយនោះ៕

អត្ថបទ៖ បុត្រា

មតិយោបល់