ក្រសួងការពារជាតិ ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ជាផ្លូវការថ្ងៃនេះ

មាស សុផាណារ៉ុង January 2, 2019


ភ្នំពេញ៖ ក្រុមបាល់ទាត់ក្រសួងការពារជាតិ នឹងបើកការប្រមូលផ្ដុំហ្វឹកហាត់ផ្លូវការថ្ងៃនេះ ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា និងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ នាឆ្នាំ២០១៩ ខាងមុខ ។

លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រសួងការពារជាតិ នឹងចាប់ផ្ដើមហ្វឹកហាត់ផ្លូវការ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ។ ប៉ុន្ដែចំពោះផែនការប្រកួតមិត្តភាព ត្រៀមរដូវកាលថ្មី ក៏ដូចជាការដោះដូកីឡាករផ្សេងៗ គឺស្ថិតក្នុងគម្រោងនៅឡើយ។ លោកនិយាយថា «សម្រាប់ការត្រៀមរដូវកាលថ្មី ពួកខ្ញុំនឹងចាប់ផ្ដើមហ្វឹកហាត់ផ្លូវការ ក្រោយចូលឆ្នាំសកល គឺនៅថ្ងៃទី០២ ខែមករា តែចំពោះផែនការផ្សេងៗ ខ្ញុំមិនទាន់ប្រកាស ឬដាក់ចេញផែនការអ្វីមួយនោះទេ ដោយសារខ្ញុំ ត្រូវឆ្លងកាត់ការពិភាក្សាជាមួយថ្នាក់ដឹកនាំសិន ដូចជាការពាក់ព័ន្ធនឹងការប្រកួតមិត្តភាពជាដើម»។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ក្រោមការដឹកនាំលើកដំបូងរបស់លោក ភា សុភ័ក្ដ្រា ក្រុមក្រសួងការពារជាតិ បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ជាមួយលទ្ធផល ២២ប្រកួតឈ្នះ១៣ ស្មើ៣ និងចាញ់ ៦ តែបានគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ក្រោយយកឈ្នះក្រុមប៉ូលិស ៣-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់