អាស៊ីអឺរ៉ុបយូណាយធីត គ្រោងផ្លាស់ប្ដូរឈ្មោះកីឡដ្ឋានថ្មី

មាស សុផាណារ៉ុង December 31, 2018


ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះ មានព័ត៌មានជាបន្ដបន្ទាប់ថា ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប យូណាយធីត គ្រោងធ្វើការផ្លាស់ប្ដូរឈ្មោះថ្មី នៃកីឡដ្ឋានរបស់ខ្លួន ដែលមានឈ្មោះដើម «កីឡដ្ឋាន AEU Sport Park»។ បន្ទាប់ពីបែកធ្លាយព័ត៌មាននេះ លោក ផេង ចន្នា មន្ដ្រីក្លឹបអាស៊ីអឺរ៉ុប បានបញ្ជាក់ថា ដំណឹងនេះគឺជាការពិត តែមិនទាន់ច្បាស់ ១០០% នោះទេ។

លោក ផេង ចន្នា បានបញ្ជាក់ថា៖ «តាមពិតទៅ ព័ត៌មានពាក់ព័ន្ធនឹងគម្រោងផ្លាស់ប្ដូរឈ្មោះកីឡដ្ឋាន AEU Sport Park គឺពិតមែន តែថ្នាក់ដឹកនាំក្លឹប និងថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគ កំពុងសិក្សាពីគ្នានៅឡើយ តែក៏បង្ហាញនូវសញ្ញាណវិជ្ជមានមួយចំនួនធំផងដែរ។ ចំពោះលទ្ធផលប្ដូរឈ្មោះពេលណា យើងមិនទាន់ដឹងទេ តែទំនងប្រើពេលយូបន្ដិច»។

យ៉ាងណាមិញតំណាងក្លឹបឈរលេខ៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នេះ បានបង្ហាញពីតម្រុយមួយចំនួន ដែលនឹងធ្វើឲ្យអាស៊ីអឺរ៉ុប កាន់តែរីកចម្រើន ប្រសិនបើកិច្ចសហប្រតិបត្តិការវាងក្លឹប និងក្រុមហ៊ុនខាងលើទទួលបានជោគជ័យ ព្រោះថ្នាក់ដឹកនាំក្រុមហ៊ុននោះ ក៏ជាមនុស្សមានឆន្ទៈស្នេហា និងជួយវិស័យកីឡា ដូចស្ថាបនិកក្លឹបឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដូច្នេះដែរ ។

គួរបញ្ជាក់ថា កីឡដ្ឋាន AEU Sport Park គឺបានសាងសង់រួច និងប្រើប្រាស់បានជិត ១រដូវកាល ក្នុងឆ្នាំ២០១៨ តែគួរឲ្យស្ដាយ នៅចុងរដូវកាល ដោយសារគ្រោះទឹកជំនន់ កីឡដ្ឋាននេះ បានរងការលេចលង់ជាច្រើនខែ ធ្វើឲ្យខូចខាតស្មៅទាំងស្រុង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ប៉ុន្ដែឥលូវកីឡដ្ឋាននេះ បានជួសជុល និងរៀបចំឡើងវិញហើយ ដើម្បីត្រៀមស្វាគមន៍រដូវកាលថ្មីខាងមុខ ទាំងការប្រកួតលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ ៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់