ច្រឹង ពលរដ្ឋ នៅតែជួបឧបសគ្គ ក្នុងការត្រឡប់ទៅ Buriram

មាស សុផាណារ៉ុង December 31, 2018


ភ្នំពេញ៖ រយៈពេលជិត ១ខែមកហើយ ដែល ច្រឹង ពលរដ្ឋ ត្រូវបានក្លឹប Buriram United របស់ថៃ បានបញ្ជូនមកព្យាបាលរបួសនៅខ្មែរវិញ ក្រោយពិនិត្យឃើញស្ថានភាពរបួសមិនទាន់ធូរស្រាល ប៉ុន្ដែមកទល់ពេលនេះ រូបគេនៅតែមានឧបសគ្គ ក្នុងការត្រឡប់ទៅចូលរួមជាមួយក្លឹបលំដាប់កំពូលរបស់ថៃដដែល ព្រោះបញ្ហារបួសរបស់គេ ហាក់មិនសូវអំណោយផលឡើយ ។

លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានឲ្យដឹងថា ក្រោយត្រឡប់ពីថៃ ពលរដ្ឋ បានព្យាយាមហ្វឹកហាត់ដោយខ្លួនឯងតិចច្រើនជាងរៀងរាល់ថ្ងៃ តែកម្រិតការហ្វឹកហាត់ មិនទាន់ដល់កម្រិត អាចវិលចូលទីលានប្រកួតបាននោះទេ ។ លោកថា «ចំពោះអាការៈបច្ចុប្បន្ន ឃើញថា គាត់ (ពលរដ្ឋ) ហាត់ GYM រាល់ថ្ងៃ តែពេលខ្លះខ្ញុំឃើញគាត់ទីលានប៉ះបាល់ ប៉ុន្ដែកម្រិតប៉ះបាល់មិនអាចធ្វើអ្វីធ្ងន់ៗបានទេ ចឹងប្រហែលជាគាត់ត្រូវការពេលវេលាច្រើនទៀត ដើម្បីធ្វើឲ្យរបួសជាសះស្បើយ»

ដូច្នេះបញ្ហារបួស នៅតែជាបញ្ហាចម្បង សម្រាប់កីឡាករ ច្រឹង ពលរដ្ឋ ក្នុងរដូវកាលថ្មីខាងមុខ តែចំពោះបញ្ហា ពលរដ្ឋ ត្រូវត្រឡប់ទៅចូលរួមជាមួយក្លឹប Buriram ជាថ្មី ឬយ៉ាងណា លោកមិនបានបញ្ជាក់នោះទេ ដោយសារក្លឹបសងខាង ក៏ដូចជារូបលោកផ្ទាល់ សុទ្ធតែកំពុងតាមដាននូវអាការៈរបស់អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះនៅឡើយ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់គ្រូបង្វឹក ទើបជួយក្រសួងការពារជាតិ ឈ្នះពានសម្ដេចតេជោ ហ៊ុន សែន រដូវកាលទី១២ ខាងលើ។

គួរបញ្ជាក់ថា ច្រឹង ពលរដ្ឋ ត្រូវបានក្លឹប Buriram United និងក្លឹបក្រសួងការពារជាតិ ព្រមព្រៀមលើកិច្ចសន្យាខ្ចីជើងរយៈពេល ២រដូវកាល ក្រោយចប់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ។ បន្ទាប់មនៅដើមខែធ្នូ ពលរដ្ឋ បានធ្វើដំណើរទៅចូលរួមជាមួយ Buriram តាមគម្រោង តែមិនយូរប៉ុន្មាន ក្លឹបយក្សថៃខាងលើ ក៏បានបញ្ជូន ពលរដ្ឋ មកព្យាបាលបន្ដនៅខ្មែរវិញ ក្រោយពួកគេពិនិត្យឃើញថា អាការៈរបស់ ពលរដ្ឋ មិនទាន់អាចជួយក្លឹប Buriram បាននៅឡើយ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់