ជុំវិញរឿងរ៉ាវអនាគតរបស់ ចាន់ វឌ្ឍនាកា ដែលកំពុងក្លាយជាប្រធានបទក្ដៅនាចុងឆ្នាំ២០១៨នេះ

មាស សុផាណារ៉ុង December 31, 2018


ភ្នំពេញ៖ ខ្សែប្រយុទ្ធនៃក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា មួយរយៈចុងក្រោយនេះហាក់មានព័ត៌មានលេចលឺជាច្រើនជុំវិញអនាគតរបស់ខ្លួនលើវិថីបាល់ទាត់ គ្រាដែលបច្ចុប្បន្ននេះសាម៊ីខ្លួនបានប្រកាសថាបានចាកចេញពីក្លឹបបឹងកេត ដោយស្ងប់ស្ងាត់។

វឌ្ឍនាកា ត្រូវបានមតិ និងការលើកឡើងជាពាក្យចចាមអារ៉ាមជាច្រើនចាប់តាំងពីលីគកំពូលកម្ពុជា រដូវកាល២០១៨ បានបញ្ចប់ ពោលគឺគ្រាដំបូង កីឡាករដែលកំពុងនាំមុខក្នុងការរកគ្រាប់បាល់បានច្រើនជាងគេក្នុងក្រុមជម្រើសជាតិនាពេលបច្ចុប្បន្ន ( ១៦គ្រាប់ ) រូបនេះ ធ្លាប់ធ្លាយព័ត៌មានថានឹងទៅចូលរួមជាមួយក្លឹបនៅលីគកំពូលថៃ Chiangrai United បន្ទាប់ពីវត្តមានម្ចាស់ក្លឹបបឹងកេត និងអ្នកចាត់ការក្លឹប លោក បែ មករា បានទៅទស្សនកិច្ចនៅទីនោះ ចំពេលដែលរូបគេត្រលប់មកបឹងកេតវិញ ក្រោយពុំសូវជោគជ័យនៅក្រៅប្រទេស ប៉ុន្តែថ្មីៗនេះ ប្រធានក្លឹប Chiangrai United វិញបានប្រកាសជាឱឡារឹកថានឹងមិនប្រើប្រាស់កូតាកីឡាករអាស៊ានឡើយនៅរដូវកាល២០១៩ ដោយទុកឱកាសឲ្យយុវជនរបស់ខ្លួនវិញ ដែលការណ៍នេះអាចសន្មត់បានថា Chiangrai United នឹងមិននាំយក ចាន់ វឌ្ឍនាកា ទៅរួមក្រុមឡើយ។

មានការលេចលឺដំណឹងផ្សេងទៀតផងដែរ បន្ទាប់សាម៊ីខ្លួនផ្ទាល់ធ្លាប់បង្ហាញចេតនាចង់លាឈប់ពីវិស័យដែលនាំឲ្យរូបគេមានភាពល្បីល្បាញមកដល់សព្វថ្ងៃនេះ ដោយប្រភពដែលស្និតទៅនឹងកីឡាករបានបង្ហើបថា CV11 ចង់ចូលនិវត្តន៍ពីពិភពបាល់ទាត់ ស្របពេលមួយរយៈនេះកំពុងមានសកម្មភាពច្រើនជាមួយការងារសង្គមក្នុងជួររដ្ឋាភិបាល គ្រាដែលរូបគេក៏មានឪពុកជាអ្នកនយោបាយមួយរូបផងដែរ។

ប្រភពថ្មីចុងក្រោយមួយទៀត បានលើកឡើងថា វឌ្ឍនាកា បានចុះហត្ថលេខាចូលរួមជាមួយក្លឹបនៅក្រៅប្រទេសរួចរាល់ហើយ ដោយរង់ចាំតែការប្រកាសជាផ្លូវការនាដើមឆ្នាំ២០១៩ខាងមុខប៉ុណ្ណោះ នេះបើតាមប្រភពពីក្លឹបដ៏ធំក្នុងស្រុកមួយ ដែលបានចិញ្ចឹមចង់បានមករួមក្រុមយូរមកហើយ បានបញ្ជាក់បន្ទាប់ពីបរាជ័យក្នុងការនាំយកកីឡាករវ័យ២៤ឆ្នាំរូបនេះ។

យ៉ាងណាមិញ ប្រភពទាំងនេះសុទ្ធតែត្រូវបានដឹងថាលេចលឺតៗគ្នា ខណៈគ្រប់យ៉ាងទំនងជាត្រូវបានដឹងនៅដើមឆ្នាំ២០១៩ខាងមុខ ជុំវិញអនាគតរបស់បុរសដែលមានរហ័ស្សនាមថា កុមារមាសកម្ពុជា រូបនេះ ថាតើពិតជាដូចពាក្យចចាមអារ៉ាមចូលនិវត្តន៍ពីពិភពបាល់ទាត់ ឬចចាមអារ៉ាមចុងក្រោយដែលទៅចូលរួមជាមួយក្លឹបនៅក្រៅប្រទេស ឬយ៉ាងណា?

 

រូបភាព៖ Boeung Ket Football Club & Chan Vathanaka & សហភាពសហព័ន្ធយុវជនកម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់