អតីតសមាជិកក្លឹបវិសាខា Kim ជាមួយ Ri នឹងរួមដំណើរក្រុមកូរ៉ខាងជើងទៅប្រកួតពាន Asian Cup

មាស សុផាណារ៉ុង December 29, 2018


ភ្នំពេញ៖ អតីតសមាជិកនៃក្លឹបបាល់ទាត់វិសាខា កីឡាករសញ្ជាតិកូរ៉ខាងជើង Kim Kyong-hun ជាមួយ Ri Hyok-chol ទីបំផុតនឹងត្រូវរួមដំណើរជាមួយក្រុមជម្រើសជាតិរបស់ខ្លួន ដើម្បីទៅចូលរួមប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup UAE 2019 ដែលធ្វើឡើងនៅប្រទេសអារ៉ាប់រួម នាដើមខែមករាខាងមុខនេះ។

Ri Hyok Chol ពាក់អាវលេខ៧ នៅខាងក្រោយ ពេលប្រកួតមិត្តភាពជាមួយវៀតណាម

ក្រុមជម្រើសជាតិកូរ៉េខាងជើង ដែលមានមុខប្រកួតក្នុងពានរង្វាន់ដដែលខាងលើនេះ បានសម្រេចជ្រើសរើសកីឡាករ២៣នាក់ជាផ្លូវការ និងត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី – Asian Football Confederation ( AFC ) ប្រកាសបញ្ជីចុងក្រោយកាលពីថ្ងៃ​ទី២៧ ខែធ្នូ ទីបំផុតអតីតកីឡាកររបស់ក្លឹបបាល់ទាត់វិសាខា Kim Kyong-hun ជាមួយ Ri Hyok-chol ក៏មានឈ្មោះក្នុងបញ្ជី២៣​នាក់ចុងក្រោយផងដែរ។ នេះបើយោងតាមការចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់សហព័ន្ធ The​-AFC។

Ri នៅលេខរៀងទី៨ និង Kim នៅលេខរៀងទី១២

ដើមឡើយ Kim Kyong-hun ជាមួយ Ri Hyok-chol សុទ្ធតែត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកូរ៉េខាងជើងតាំងពីដំបូងប៉ុន្តែស្ថិតក្នុងបញ្ជីបឋម រហូតក្រោយចប់ការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយជម្រើសជាតិវៀតណាម កាលពីថ្ងៃទី២៦ ខែធ្នូ ទើបថ្ងៃបន្ទាប់កីឡាករដែលធ្លាប់លេងឲ្យក្លឹបនៅលីគកំពូលកម្ពុជា ក្រសួងការពារជាតិ និងវិសាខា ទាំង២រូបនេះ បន្តមានឈ្មោះក្នុងបញ្ជីកីឡាករ​២៣នាក់ចុងក្រោយ ដែលត្រូវទៅតតាំងជាមួយក្រុមជម្រើសជាតិ៣ផ្សេងទៀត នៅប្រទេសអារ៉ាប់រួម។

Kim Kyong Hun ពាក់អាវលេខ១៦ ពេលប្រកួតមិត្តភាពជាមួយវៀតណាម

សូមបញ្ជាក់ថា ជម្រើសជាតិកូរ៉េខាងជើង ស្ថិតនៅពូល នៃពានរង្វាន់ធំជាងគេប្រចាំទ្វីបអាស៊ីមួយនេះ ពោលគឺនឹងត្រូវតតាំងជាមួយ អារ៉ាប់ប៊ីតសាវឌីត, កាតា និង លីបង់ ដោយការប្រកួតចាប់ផ្ដើមពីថ្ងៃទី០៥ ខែមករា នឹងបញ្ចប់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។

និយាយដោយឡែកចំពោះកីឡាករទាំង២រូប ជាមួយនឹង ក្លឹបបាល់ទាត់វិសាខា ថានឹងបន្តរួមរស់ជាមួយក្រុមដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញមួយនេះនៅរដូវកាលក្រោយទៀត ឬយ៉ាងណានោះ នៅពុំទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយទេ នេះបើតាមការបញ្ជាក់ដោយ លោក ហុក សុជីវ័ន គ្រូបង្វឹកនៃក្លឹបវិសាខាផ្ទាល់ ថ្លែងថាសុំមិនទាន់បង្ហាញព័ត៌មានសិន៕

 

ប្រភព និងរូបភាព៖ The-AFC & Zing

អត្ថបទ៖ ណារ៉ុង

មតិយោបល់