អតីតគ្រូភ្នំពេញក្រោន លោក Sean Sainsbury ក្លាយជាគ្រូបង្វឹកនៃក្រុមនៅលីគទី៣ថៃ

មាស សុផាណារ៉ុង December 28, 2018


ថៃ៖ លោក Sean Sainsbury ដែលធ្លាប់ជាគ្រូបង្គោលនៃក្លឹបាល់ទាត់ភ្នំពេញក្រោន អំឡុងឆ្នាំ២០១៧ និង២០១៨ ពេលនេះបានក្លាយជាគ្រូបង្វឹកនៃក្រុម Bangkok FC ដែលជាក្រុមប្រកបអាជីពនៅលីគទី៣ថៃ ( Thai League 3 )។

ការចូលមកកាន់តំណែងរបស់ លោក Sean Sainsbury ជាមួយក្លឹប Bangkok FC នេះគឺបានចាប់ផ្ដើមកាលពីដើមខែធ្នូនេះ ហើយនឹងត្រូវដឹកនាំក្រុមប្រកួតក្នុងលីគទី៣ថៃ ដែលជាក្លឹបបង្កើតឡើងកាលពីឆ្នាំ២០១០ កំណត់ត្រាដ៏ល្អរបស់ក្លឹបនេះគឺបានត្រឹមលេងនៅលីគទី២ថៃប៉ុណ្ណោះ ចន្លោះឆ្នាំ២០១១ ដល់២០១៦។

គួរដឹងដែរថា គ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះ បានចូលដឹកនាំក្រុមជើងឯកលីគ​កំពូល​កម្ពុជា៦សម័យកាល ភ្នំពេញក្រោន បាន៣១ប្រកួត ដោយឈ្នះ១៧ ចាញ់១១ និង ស្មើ៣ ខណៈកាលពីរដូវកាល២០១៨ ពួកគេបញ្ចប់នៅលំដាប់ទី៥នៃលីគកំពូលកម្ពុជា។ លោកមានបទពិសោធន៍ជាគ្រូបង្វឹកផ្នែកកីឡាបាល់ទាត់អស់រយៈពេលជាង ១៨ឆ្នាំមកហើយ នឹងធ្លាប់បានដឹកនាំក្រុមមួយចំនួននៅក្នុងតំបន់អាសុីទៀតផង ជាក់ស្ដែងនៅថៃនេះផ្ទាល់លោកធ្លាប់បានចំណាយពេលជាច្រើនឆ្នាំមកហើយផងដែរ៕

 

រូបភាព៖ Bangkok FC – ทีมบางกอก

អត្ថបទ៖ ណារ៉ុង

មតិយោបល់