លោក ​Lee Tae Hoon ទទួលបានតំណែងជានាយកបច្ចេកទេស ក្លឹបមួយនៅលីគវៀតណាម

មាស សុផាណារ៉ុង December 28, 2018


វៀតណាម៖ អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon ត្រូវបានសេចក្ដីរាយការណ៍ពីប្រទេសវៀតណាមឲ្យដឹងថាបានក្លាយជានាយកបច្ចេកទេស របស់ក្លឹប Hoang Anh Gia Lai ( HAGL ) នៃលីគកំពូលវៀតណាម។

ការចូលរួមនេះបានធ្វើឲ្យរូបលោក ក្លាយជាបុរសសញ្ជាតិកូរ៉េខាងត្បូងទី៣ ដែលធ្វើការនៅប្រទេសវៀតណាមបន្ទាប់ពីគ្រូជម្រើសជាតិវៀតណាម លោក Park Hang-seo និងលោក Chung Hae-seong គ្រូបង្វឹកនៃក្លិប Ho Chi Minh City FC។

សេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ថា តំណាងក្លឹប HAGL បាននិយាយថា៖ «ក្នុងគោលបំណងដើម្បីកែលម្អគុណភាពនៃក្រុមនៅក្នុងរដូវកាលថ្មី យើងបានចុះហត្ថលេខាលើកិច្ចសន្យាមួយឆ្នាំជាមួយលោក Lee Tae-hoon។ គាត់នឹងក្លាយជាសមាជិកនៃក្រុមគ្រូបង្វឹក តែមិនមែនជាគ្រូបង្វឹកនោះទេ លោកនឹងធ្វើជានាយកបច្ចេកទេស។ គ្រូបង្វឹករបស់ក្លឹបនៅតែជាលោក Duong Minh Ninh ដដែល»។

សូមបញ្ជាក់ថា លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមឈុតធំជម្រើសជាតិកម្ពុជា បានប្រកាសផុតកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) ក្រោយរួមរស់ និងធ្វើការឲ្យសហព័ន្ធអស់រយៈពេល ៧ឆ្នាំ និង ៣ខែ។ លោកបានចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីចុងឆ្នាំ២០១០ តែរាល់ពេលក្រុមជម្រើសជាតិ ត្រូវបានផ្លាស់ប្ដូរគ្រូបង្វឹកថ្មី លោកមិនត្រូវបានផ្ដាច់ការងារពីសហព័ន្ធនោះទេ ជាក់ស្ដែងនៅដើមឆ្នាំ២០១៧ ក្រោយលោក Leonardo Vitorino ចូលមកដឹកនាំក្រុមគោព្រៃ សហព័ន្ធបានចាត់តាំងលោក Lee ឲ្យដឹងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៥ឆ្នាំ៕

 

ប្រភព៖ Zing

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់