អង្គរថាយហ្គឺរ ប្រកាសចាប់ដៃជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់មកពីជប៉ុន

មាស សុផាណារ៉ុង December 28, 2018


សៀមរាប៖ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នេះ បានប្រកាសពីការសហការជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់មកពីប្រទេសជប៉ុន ACUORE ក្នុងការផ្គត់ផ្គង់សម្លៀកបំពាក់ សម្រាប់រដូវកាល២០១៩ខាងមុខ។

ជាមួយនឹងការប្រកាសសហការនេះ ក្លឹបក៏នឹងគ្រោងបង្ហាញនូវឯកសណ្ឋានថ្មីរដូវកាល២០១៩ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ដែលជាការរចនាដើមដំបូងបង្អស់ បោះពុម្ពដោយការរចនាយ៉ាងល្អិតល្អន់ ដោយស្រួលពាក់ពេលចេញទៅក្រៅ និងអាចពាក់ជាលក្ខណៈដើរលេងតាមទីក្រុងបានផងដែរ នេះ​បើតាមការបញ្ជាក់ដោយក្លឹបផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ។

គំរូសាច់ក្រណាត់ និងនិមិត្តសញ្ញាសម្លៀកបំពាក់នៃក្រុមហ៊ុន ACUORE

គួរបញ្ជាក់ថា អង្គរថាយហ្គឺរ ត្រូវបានដឹងថាជាក្រុមប្រកបអាជីពនៅលីគកំពូលកម្ពុជា ដំបូងគេដែលបានប្រើប្រាស់ផលិតផលក្នុងស្រុក NT រយៈពេលប្រមាណ៤ឆ្នាំមកហើយ ខណៈឆ្នាំនេះក្លឹបបានសម្រេចមកប្រើប្រាស់ផលិតផលរបស់ប្រទេសជប៉ុន ដែលជាប្រទេសកំណើតរបស់ម្ចាស់ក្លឹបផ្ទាល់៕

 

រូបភាព៖ Angkor Tiger Football Club & Phnom Penh Crown FC & acuore

អត្ថបទ៖ ណារ៉ុង

មតិយោបល់