វិសាខា បង្ហាញពីគម្រោងធំៗមួយចំនួន សម្រាប់ឆ្នាំ២០១៩ខាងមុខ

មាស សុផាណារ៉ុង December 28, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់វិសាខា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ បានប្រកាសពីគម្រោងបង្កើតថ្នាលយុវជនមួយកម្រិតទៀត ( យុវជនអាយុក្រោម១៤ឆ្នាំ ) ថែមទាំងក្រុមបាល់ទាត់នារី និងយុវនារី ចាប់ពីឆ្នាំ២០១៩តទៅ រួមជាមួយគម្រោងមួយចំនួនទៀត នេះបើតាមការបញ្ជាក់ដោយ លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លឹប។

ការថ្លែងបែបនេះគឺស្ថិតក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាពក្លឹប និងគោលដៅអភិវឌ្ឍន៍ររបស់ក្លឹបសម្រាប់ឆ្នាំ២០១៩ បើតាមការបញ្ជាក់ដោយ លោក ហុក សុចិត្រា ជុំវិញការជ្រើសរើសយុវជនថ្នាលអាយុក្រោម១៤ឆ្នាំ ក្លឹបបាននឹងកំពុងត្រៀមផែនការ ដោយនឹងចុះជ្រើសរើសតាមគ្រប់បណ្ដាខេត្ត ហើយយកមកចម្រាញ់ឲ្យនៅសល់កីឡាករដែលល្អជាក្រុមមួយតែម្ដង ស្របពេលក្រុមបាល់ទាត់នារី ស្ថិតនៅក្នុងផែនការនៅឡើយ ប៉ុន្តែតាមគម្រោងគឺនឹងមាន២ក្រុម ដោយចាប់ផ្ដើមជាមួយ ក្រុមបាល់ទាត់នារីឈុតធំ និងក្រុមយុវនារី ជាបន្តបន្ទាប់។

បច្ចុប្បន្នក្លឹបបាល់ទាត់មានយុវជនថ្នាលមួយក្រុមហើយ ស្ថិតក្នុងកម្រិតអាយុក្រោម១៧ឆ្នាំ ដែលបានដំណើរការច្រើនខែមកហើយ បន្ទាប់ពីធ្វើការជ្រើសរើសនៅត្រឹមរាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់របស់លោក ហុក សុចិត្រា ដដែល។ និយាយដោយឡែកសម្រាប់ការបង្កើតក្រុមបាល់ទាត់នារី បើសិនជាលេចចេញជារូបរាង នោះបានសេចក្ដីថា ក្លឹបអាចនឹងក្លាយជាក្លឹបបាល់ទាត់អាជីពទី៣ ដែលមានក្រុមនារី បន្ទាប់ពីភ្នំពេញក្រោន មានក្រុមនារីរួចជាស្រេច និងបឹងកេត ក៏បានបង្ហាញឆន្ទៈក្នុងការបង្កើតក្រុមបាល់ទាត់នារីផងដែរ កាលពីពេលថ្មីៗនេះ

គម្រោងមួយចំនួនទៀត ត្រូវបានអតីតកីឡាករនៃក្រុមជម្រើសជាតិកម្ពុជាកាលពីទស្សវត្សរ៍ទី៩០រូបនេះ បានបង្ហើបថា ក៏មានគម្រោងរៀបចំប្រកួតពានរង្វាន់មិត្តភាពដែលធ្វើឡើងនៅលើកីឡដ្ឋានរបស់ខ្លួនផងដែរក្រោយចប់រដូវកាល២០១៩ ជាមួយនឹងការគ្រោងអញ្ជើញក្រុមមកចូលរួម។ ដោយឡែកឆ្លើយតបទៅនឹងមតិរិះគន់ជុំវិញបង្គោលដែលនៅកៀកទីលានប្រកួតនោះ លោកក៏បានប្រកាសថាក្លឹបនឹងធ្វើការដកចេញនៅពេលកីឡដ្ឋានសាងសងរួចរាល់នាពេលដ៏ខ្លីខាងមុខនេះផងដែរ៕

 

រូបភាព៖ Visakha Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់