គ្រូ U19នារីភ្នំពេញក្រោន រំពឹងកូនក្រុមធ្វើបានល្អក្នុងប្រកួតបន្ទាប់ ក្រោយចាញ់កំពង់ឆ្នាំង

នូ មករា December 27, 2018


ភ្នំពេញ៖ អ្នកគ្រូ ម៉ៅ សាវីន គ្រូបង្វឹកក្រុមបាល់ទាត់នារីក្រោមអាយុ ១៩ឆ្នាំ នៃក្លឹបភ្នំពេញក្រោន បានសម្ដែងការសោកស្ដាយជាខ្លាំង ក្រោយរបូត ៣ពិន្ទុក្នុងទឹកដី ដោយចាញ់ក្រុមបាល់ទាត់នារីខេត្តកំពង់ឆ្នាំង ៤-១ កាលពីពេលថ្មី ប៉ុន្ដែអ្នកគ្រូ នៅតែមានជំនឿចិត្តខ្ពស់លើកូនក្រុមរបស់ខ្លួន សម្រាប់ការប្រកួតបន្ទាប់ជាមួយក្រុមបាល់ទាត់នារី-ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ។

គ្រូបង្វឹកទើបចូលដឹកនាំក្រុម U19នារីភ្នំពេញក្រោននេះ បានបញ្ជាក់ថា ការបរាជ័យក្រោមថ្វីជើងក្រុមកំពង់ឆ្នាំង ដោយសារកូនក្រុមនៅខ្វះខាតច្រើន ដែលទាមទារឲ្យមានការពង្រឹងបន្ថែម ទាំងការពារ និងប្រយុទ្ធ ។ តែយ៉ាងណារយៈពេលជិត ១សប្ដាហ៍ បន្ទាប់ពីជួបក្រុមខេត្តកំពង់ឆ្នាំង អ្នកគ្រូមានជំនឿចិត្តក្នុងការកែប្រែនូវកំហុស និងបំពេញចំណុចខ្វះខាតទាំងឡាយ ដើម្បីត្រៀមជួបក្រុមម្ចាស់ផ្ទះខេត្តត្បូងឃ្មុំ និងដណ្ដើមលទ្ធផលល្អមកវិញ ។

អតីតសមាជិកក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជារូបនេះបានលើកឡើងថា៖ «ការរបូត ៤គ្រាប់ក្នុងជំនួបជាមួយកំពង់ឆ្នាំង វាជាលទ្ធផលអាក្រក់សម្រាប់ខ្ញុំ តែយើងបានមើលឃើញចំណុចខ្វះខាតជាច្រើន ត្រូវកែតម្រូវ ដូច្នេះយើងនឹងព្យាយាមបំពេញពួកគាត់ពេលហ្វឹកហាត់ បន្ទាប់មកយើងសង្ឃឹមថា ការប្រកួតជាមួយត្បូងឃ្មុំ យើងនឹងធ្វើបានល្អ» ។ មិនតែប៉ុណ្ណោះអ្នកគ្រូ ម៉ៅ សាវីន ក៏មានជំនឿចិត្តក្នុងការនាំក្រុម U19នារីភ្នំពេញក្រោន ឡើងទៅវគ្គបន្ដផងដែរ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតក្របខណ្ឌជើងឯកបាល់ទាត់នារីក្រោមអាយុ ១៩ឆ្នាំ ឆ្នាំ២០១៨ នេះ គឺបែងចែកជា ២ពូល ក្នុងមួយពូលមាន ៥ក្រុម ខណៈភ្នំពេញក្រោន និងខេត្តកំពង់ឆ្នាំង ស្ថិតក្នុងពូលB ជាមួយខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។ ការប្រកួតក្នុងពូលនីមួយៗ នឹងប្រើរូបមន្ដសន្សំពិន្ទុ ២ជើងក្នុងដី និងក្រៅ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ៣ក្រុម នៃពូលនីមួយៗ នឹងបានឡើងដំណាក់កាលទី២ ៕

ប្រភពរូបភាព៖ ក្លឹបភ្នំពេញក្រោន
អត្ថបទ៖ បុត្រា

មតិយោបល់