វេស្ទើនភ្នំពេញ សម្រេចបង្កើតថ្នាល ក្រោយក្រុមធំប្រកាសដកខ្លួនពីលីគកំពូល

នូ មករា December 27, 2018


ភ្នំពេញ៖ ក្លឹបកីឡាបាល់ទាត់វេស្ទើនភ្នំពេញ បានសម្រេចបង្កើតក្រុមយុវជនថ្នាល ២កម្រិតអាយុ គឺថ្នាល U15 និង U17 ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ស្របពេលក្លឹបបានប្រកាសដកខ្លួនពីការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ដោយសារជួបបញ្ហាហិរញ្ញវត្ថុ និងកីឡាករ កាលពីពេលថ្មីៗ។

 

លោក ប៊ួយ ម៉េងហុង អ្នកចាត់ការទូទៅរបស់ក្លឹបវេស្ទើន បានអះអាងថា ទោះបីក្រុមធំរបស់វេស្ទើន ត្រូវបានបង្ខំចិត្តដកខ្លួនពីការប្រកួតលីគកំពូលកម្ពុជាក៏ពិតមែន ប៉ុន្ដែថ្នាក់ដឹកនាំក្លឹប មិនបានបោះបង់គោលដៅអភិវឌ្ឍន៍វិស័យបាល់ទាត់នោះទេ ដោយក្លឹបនៅតែបន្ដបណ្ដុះបណ្ដាលយុវជន ដើម្បីរួមចំណែកបង្កើតធនធានកីឡាករកម្ពុជា ។

តំណាងក្លឹបឈរបាតតារាងក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ រូបនេះ បានបញ្ជាក់ថា៖ «ទោះបីយើងបានបិទក្លឹបធំមែន តែយើងមិនបានបោះបង់ចោលការអភិវឌ្ឍន៍បាល់ទាត់នោះទេ គឺយើងនៅតែបន្ដបណ្ដុះបណ្ដាលយុវជន ដោយជ្រើសរើសក្មេងៗមកបង្ហាត់ដោយអត់យកលុយនោះទេ»។

យ៉ាងណាមិញពេលនេះក្រុមថ្នាលយុវជនរបស់ក្លឹបវេស្ទើន បានប្រកាសបិទបញ្ជីឈប់ទទួលពាក្យហើយ កាលពីថ្ងៃទី២៦ ខែធ្នូម្សិលមិញ ហើយថ្នាលយុវជនទាំង ២កម្រិត គឺ U15 និង U17 នឹងចាប់ផ្ដើមធ្វើការហ្វឹកហាត់ជាមួយគ្រូបង្វឹករបស់ខ្លួន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ខាងមុខ ៕

ប្រភពរូបភាព៖ ក្លឹបវេស្ទើន
អត្ថបទ៖ បុត្រា

មតិយោបល់