អតីតកីឡាករភ្នំពេញក្រោន និងប៉ូលីស Suzuki Yuta ផ្លាស់ទៅចូលរួមជាមួយក្លឹបនៅលីគទី២ម៉ាឡេស៊ី

មាស សុផាណារ៉ុង December 26, 2018


ម៉ាឡេស៊ី៖ អតីតសមាជិកនៃក្លឹបប្រកបអាជីពនៅលីគកំពូលកម្ពុជា ជាមួយភ្នំពេញក្រោន និងអគ្គស្នងការដ្ឋាននគរបាលជាតិ ( ប៉ូលីស ) កីឡាករ Suzuki Yuta បានផ្លាស់ទៅចូលរួមជាមួយក្លឹបដែលទើបតែធ្លាក់ទៅលេងលីគទី២ម៉ាឡេស៊ី។

សារព័ត៌មានរបស់ម៉ាឡេស៊ី បានបង្ហាញថា Suzuki Yuta បានផ្លាស់ទៅចូលរួមជាមួយក្លឹបបាល់ទាត់ Kelantan ដែលជាក្លឹបខ្លាំងមួយធ្លាប់ឈ្នះជើងឯកលីគកំពូលម៉ាឡេស៊ី ចំនួន២ដងផងដែរ ប៉ុន្តែកាលពីរដូវកាលមុនទទួលបានលទ្ធផលអាក្រក់រហូតដល់ត្រូវកាត់ទៅប្រកួតនៅលីគលំដាប់ទី២ម៉ាឡេស៊ី នារដូវកាល២០១៩។ ការបញ្ជាក់របស់ប្រធានក្លឹបថាកីឡាករវ័យ២៦ឆ្នាំរូបនេះ ចុះកិច្ចសន្យាក្នុងរយៈពេល១ឆ្នាំ ដោយនឹងចុះហត្ថលេខានៅថ្ងៃស្អែកនេះ។

គួរដឹងដែរថា Suzuki Yuta ធ្លាប់ជាសមាជិកក្រុមសាកលវិទ្យាល័យ Senshu នៅប្រទេសជប៉ុន ក្រោយមករូបគេបានលេង២ រដូវកាលជាមួយក្លិប FC Suzuka Rampole មុនពេលគាត់ធ្វើការផ្លាស់ប្តូរទៅសាធារណរដ្ឋឆេក ចូលរួមជាមួយនឹងក្រុម FSC Stara Rise ដែលស្ថិតនៅក្របខណ្ឌ Moravian-Silesian Division D ដែលជាលីគលំដាប់ទី៤ របស់ប្រទេសឆេក និង២រដូវកាលចុងក្រោយមកប្រកបអាជីពនៅលីគកំពូលកម្ពុជា ជាមួយភ្នំពេញក្រោន ឆ្នាំ២០១៧ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០១៨៕

 

រូបភាព៖ Phnom Penh Crown & ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ

ប្រភព៖ bharian

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់