FFC ណែនាំអ្នកសារព័ត៌មាន ទាំងខ្លួនទើបរៀបចំពង្រាងច្បាប់ស្ដីពីការផ្ទេរកីឡាករក្នុងស្រុក!

នូ មករា December 26, 2018


ភ្នំពេញ៖ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញដំណោះស្រាយក្នុងការផ្ទេរកីឡាករក្លឹបភ្នំពេញក្រោន ទៅក្លឹបវិសាខារួចមក ពេលនេះមានប្រធានបទក្ដៅមួយទៀតហើយ ពោលគឺក្រោយពី FFC ឆ្លៀតណែនាំអ្នកសារព័ត៌មានទាំងអស់ថា ត្រូវសិក្សាអំពីផ្លូវច្បាប់ឲ្យបានច្បាស់លាស់មុននឹងចុះផ្សាយព័ត៌មាន ជាពិសេសក្រោយមានការចុះផ្សាយជាបន្ដបន្ទាប់នូវរឿងដ៏ចម្រូងចម្រាសរវាងក្លឹបភ្នំពេញក្រោន និងក្លឹបវិសាខាតែម្ដង។

ដោយផ្អែកលើសេចក្ដីប្រកាសព័ត៌មានរបស់ FFC ចុះថ្ងៃទី២៦ ខែធ្នូនេះ ត្រង់ចំណុច-៣ អ្នកសារព័ត៌មានក្នុងស្រុកជាច្រើនបានប្រតិកម្មទៅនឹងសេចក្ដីណែនាំរបស់សហព័ន្ធ ដោយអ្នកខ្លះបានសម្ដែងការមិនពេញចិត្តឡើយដែលក្រោយក្លឹបទាំងពីរត្រូវរ៉ូវគ្នា បែរជាមានការលើកឡើងក្នុងលក្ខណៈទម្លាក់កំហុសមកបណ្ដាញផ្សព្វផ្សាយ ទាំងសហព័ន្ធក៏ទទួលស្គាល់ខ្លួនឯង និងបង្ហាញការសោកស្តាយដែរថា នៅមានភាពខ្វះចន្លោះក្នុងការសិក្សាពីច្បាប់គ្រប់គ្រង និងការផ្ទេរកីឡាក្នុងស្រុក ហើយទើបតែរៀបចំពង្រាងច្បាប់នេះដើម្បីឆ្លងក្នុងមហាសន្និបាតពេញអង្គរបស់សហព័ន្ធនាដើមឆ្នាំ២០១៩ខាងមុខ។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ត្រង់ចំនុច-២ បានសរសេរថា FFC សូមសម្ដែងការសោកស្ដាយ ចំពោះភាពចន្លោះប្រហោងក្នុងការសិក្សាអំពីច្បាប់នៃការគ្រប់ក្រងការផ្ទេរកីឡាករក្នុងស្រុក អាស្រ័យហេតុនេះ ដើម្បីបំពេញភាពចន្លោះប្រហោងខាងលើ និងស្របតាមការរីកចម្រើនឆាប់រហ័សនៃវិស័យកីឡាបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា FFC នឹងដាក់ឆ្លងនូវពង្រាងច្បាប់ស្ដីពីការគ្រប់គ្រងផ្ទេរកីឡាករក្នុងស្រុកនៅក្នុងមហាសន្និបាតពេញអង្គររបស់សហព័ន្ធដែលនឹងប្រព្រឹត្តទៅ នៅដើមឆ្នាំ២០១៩ខាងមុខ ។ ដោយឡែកចំនុច-៣ បានសរសេរថា FFC សូមធ្វើការអំពាវនាវដល់បណ្ដាសារព័ត៌មានទាំងអស់ មេត្ដាសិក្សាអំពីផ្លូវច្បាប់ឲ្យបានច្បាស់លាស់ជាមុនសិនមុននឹងធ្វើការផ្សព្វផ្សាយព័ត៌មាន ជៀសវាងការភាន់ច្រឡំ ដែលបណ្ដាលឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះ និងកិត្តិយសរបស់ក្លឹបបាល់ទាត់នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

តាមរយៈចំណុចទាំងពីរខាងលើ ត្រូវបានអ្នកសារព័ត៌មានជាច្រើន អះអាងថា ការណែនាំរបស់សហព័ន្ធ ហាក់មិនសមស្របនោះឡើយ នឹងមានការចោទជាសំណួរវិញថា តើបណ្ដាសារព័ត៌មាន ត្រូវសិក្សាបែបណា បើសហព័ន្ធទើបរៀបចំពង្រាងច្បាប់ស្ដីពីការគ្រប់គ្រងផ្ទេរកីឡាករក្នុងស្រុកដូច្នេះ? ប៉ុន្ដែក្នុងនាមបណ្ដាញផ្សព្វផ្សាយ ដោយឈរលើគោលការណ៍វិជ្ជាជីវៈ និងចង់រួមចំណែកឲ្យវិស័យកីឡារីកចម្រើន បណ្ដាញផ្សព្វផ្សាយទាំងនោះនៅតែចង់ឲ្យមានការបង្កើតច្បាប់ច្បាស់លាស់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីងាយស្រួលក្នុងការយកមកសំអាងក្នុងសំណេរអត្ថបទនីមួយៗនាពេលអនាគត៕

អត្ថបទ៖ បុត្រា

 

មតិយោបល់