ទីបំផុត! វិសាខា យល់ព្រមធ្វើតាមសំណើររបស់ ភ្នំពេញក្រោន ជុំវិញការផ្ទេរកីឡាករ៥នាក់

មាស សុផាណារ៉ុង December 25, 2018


ភ្នំពេញ៖ បន្ទាប់ពីរឿងរ៉ាវដ៏ក្ដៅនៅក្នុងបាល់ទាត់ខ្មែរ កាលពីសប្ដាហ៍មុនជុំវិញការ​ការ​ផ្ទេរ​កីឡាករ​៥​រូប​ពីក្លឹប​ភ្នំពេញក្រោន ដោយពុំទទួល​បាន​សំណង​នៃ​ការ​អភិវឌ្ឍ​​កីឡាករ​ពីក្លឹបវិសាខា នឹងនាំឲ្យមានដល់ការជួយដោះស្រាយពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) ទីបំផុតផ្ទៃរឿងទាំងមូលត្រូវបានដោះស្រាយរួចរាល់ហើយ។

ជាមួយនឹងការដោះស្រាយបញ្ហារួចរាល់នេះ ប្រភពដ៏ជិតស្និតបានបង្ហើបថា ក្លឹបបាល់ទាត់វិសាខា ទីបំផុតបានយល់ព្រមតាមសំណើររបស់ ក្លឹបភ្នំពេញក្រោន ពោលគឺយល់ព្រមបង់ថ្លៃសំណង​នៃ​ការ​អភិវឌ្ឍ​​កីឡាករ​ទាំង៥រូប ដែលរួមមាន ស៊ិន កក្កដា​, អ៊ិន សូ​ដា​វីដ​, អ៊ុក សុវណ្ណ​, កែន ចាន់​សុភ័ក្ត្រ និង គឹម ឆៃ​យ៉ា ប៉ុន្តែចំពោះទំហំទឹកប្រាក់សំណងមានតម្លៃប៉ុណ្ណានោះ ប្រភពដដែលសុំមិនបញ្ជាក់ឡើយ។ យ៉ាងណាប្រភពតែមួយខាងលើនេះ បានបន្តថាសេចក្ដីសម្រេចរវាងក្លឹបទាំង២ គឺអាចនឹងត្រូវបង្ហាញឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ស្អែកនេះ ជាមួយនឹងចំនុចសំខាន់ៗជាច្រើនទៀត។

សូមរំលឹកជាថ្មី ​កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ព្រមាន​ដកខ្លួន​ពី​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូលកម្ពុជា និង​បញ្ឈប់​សកម្មភាព​អភិវឌ្ឍន៍​ថ្នាល​កីឡាបាល់ទាត់  បន្ទាប់ពី​ក្លឹប​បាល់ទាត់​វិសាខា​បាន​ចុះកិច្ចសន្យា​នាំចូល​កីឡាករ​៥​រូប​របស់​ភ្នំពេញ​ក្រោ​នដដែលខាងលើ ដោយ​គ្មាន​សំណង​អភិវឌ្ឍន៍ ជាហេតុនាំឲ្យឈានទៅដល់មានការចូលរួមដោះស្រាយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនាមជាអាណាព្យាបាល​៕

 

រូបភាព៖ Visakha

អត្ថបទ៖ ណារ៉ុង

មតិយោបល់