វេស្ទើនភ្នំពេញ ប្រកាសផ្អាកចូលរួមប្រកួតលីគកំពូលកម្ពុជា នារដូវកាល២០១៩ជាបណ្ដោះអាសន្ន

មាស សុផាណារ៉ុង December 25, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់វេស្ទើនភ្នំពេញ ត្រូវបានដឹងថាប្រកាសពីការដកខ្លួនចេញពីលីគកំពូលកម្ពុជា សម្រាប់ចាប់ពីរដូវកាល២០១៩​តទៅ នេះបើយោងតាមសម្ដី របស់ ឯកឧត្តម តែ ឡូរិន ថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុក PNN កាលពីចុងសប្ដាហ៍កន្លងទៅ។

ឆ្លើយឆ្លងជាមួយស្ថានីយទូរទស្សន៍ PNN ឯកឧត្តម តែ ឡូរិន ប្រធានក្លឹបវេស្ទើនភ្នំពេញ បានលើកឡើងថា ក្លឹបសម្រេចផ្អាកចូលរួមប្រកួតលីគមួយរយៈដោយសារជួបវិបត្តិហិរញ្ញវត្ថុ បូករួមជាមួយនឹងការខ្វះខាតអ្នកឧបត្ថម្ភ ប៉ុន្តែលោកបន្តថា ក្លឹបអាចនឹងត្រលប់មកវិញ បើសិនជាមានក្រុមហ៊ុនណាមកឧបត្ថម្ភវិញ តែយ៉ាងណាមិញសម្រាប់ឆ្នាំ២០១៩ខាងមុខក្លឹបនឹងពុំចូលលេងលីគកំពូលកម្ពុជាឡើយ។

កាលពីរដូវកាល២០១៨ ដើមឡើយក្លឹបត្រូវកាត់ចេញពីលីគកំពូលកម្ពុជា ក្រោយឈរនៅចំណាត់ថ្នាក់លេខ១២បាតតារាងនៃលីគ ដោយ២២ប្រកួត ពុំដែលឈ្នះទាល់តែសោះ ស្មើ១ និងចាញ់២១ដង ប៉ុន្តែដោយសារតែលីគលំដាប់ទី២កម្ពុជា ពុំត្រូវបានធ្វើឡើង ជាហេតុនាំឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចឲ្យវេស្ទើនភ្នំពេញ បន្តលេងនៅលីគកំពូលកម្ពុជា តែចុងក្រោយប្រធានក្លឹបដដែលរូបនេះ សម្រេចផ្អាកក្លឹបជាបណ្ដោះអាសន្ន។

គួររំលឹកដែរថា វេស្ទើនភ្នំពេញ បានបង្កើតឡើងកាលពីឆ្នាំ២០១០ និងបានឡើងមកលីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ហើយក៏ត្រូវកាត់ចេញពីលីគវិញ បាត់ខ្លួន១រដូវកាល រហូតដល់ឆ្នាំ២០១៤ត្រលប់មកវិញនិងរួមរស់មកដលបច្ចុប្បន្ននេះ៕

 

ប្រភព៖ PNN Sport

រូបភាព៖ CNCC

អត្ថបទ៖ ណារ៉ុង

មតិយោបល់