ក្រុម KMN យកឈ្នះក្រុម TN Kandal លើកពានអបអរទិវាជ័យជម្នះ ៧-មករា

នូ មករា December 24, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជន កែវមុនី ឬក្រុម KMN FC បានយកឈ្នះក្រុមម្ចាស់ផ្ទះ TN Kandal ដោយលទ្ធផល ៣-១ ដើម្បីលើកពានរង្វាន់មិត្តភាពអបអរសាទរខួប ៤០ឆ្នាំ នៃទិវាជ័យជម្នះ ៧-មករា នៅកីឡដ្ឋានខេត្តកណ្ដាល កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានការចូលរួមពីលោក ធុល នាង ទី ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាខេត្តកណ្ដាល និងលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យផងដែរ។

 

 

ជំនួបមិត្តភាពនេះ ក្រុម TN Kandal ដែលតំណាងឲ្យខេត្តកណ្ដាល បានបំប៉ោងសំណាញ់ក្រុមភ្ញៀវ ១គ្រាប់មុន។ ប៉ុន្ដែមិនយូរប៉ុន្មានកីឡាករ សារ៉េត គ្រីយ៉ា ក៏បានជួយក្រុម KMN តាមស្មើ ១-១ មុនកីឡាករពាក់អាវលេខ ១៣ បន្ថែម ២គ្រាប់ទៀត នៅចុងតង់ទី១ និងចុងតង់ទី២ ដើម្បីជួយក្រុមយុវជនតំណាងខណ្ឌមានជ័យ KMN យកឈ្នះក្រុម TN Kandal ៣-១ ។ រីឯក្រុមម្ចាស់ផ្ទះ ក៏ព្យាយាមវាយបកដែរ តែបានត្រឹមសោកស្ដាយ ក្រោយធ្វើមិនបានសម្រេច។

ក្រោយចប់ការប្រកួតលោក ពេជ្រ កែវមុនី បានមានប្រសាសន៍ថា ទោះបីជាការប្រកួតបញ្ចប់ដោយលទ្ធផលបែបណាក្ដី តែនេះគ្រាន់តែជាជំនួបមិត្តភាព ពិសេសគឺដើម្បីអបអរសាទរខួប ៤០ឆ្នាំ នៃទិវាជ័យជម្នះ ៧-មករា ដែលលោកចាត់ទុកជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរ ។ លោកសង្ឃឹមថា ការប្រកួតនេះ នឹងរួមចំណែកធ្វើឲ្យយុវជនគ្រប់រូប បានដឹងនូវថ្ងៃប្រវត្តិសាស្ដ្រ និងចូលរួមថែរក្សាសន្ដិភាពទាំងអស់គ្នា ដើម្បីរស់នៅដោយសុខសាន្ដ ហើយមានឱកាសលេងកីឡា និងចូលរួមការអភិវឌ្ឍន៍លើគ្រប់វិស័យ។

មិនតែប៉ុណ្ណោះ ក្រោយចប់ការប្រកួត ថ្នាក់ដឹកនាំក្រុមទាំងពីរ ក៏បានរៀបចំនូវកម្មវិធីទទួលទានអាហារសាមគ្គី ដើម្បីរឹតចំណងមិត្ដភាព សាមគ្គីភាព នឹងធ្វើឲ្យទំនាក់ទំនងរវាក្រុមបាល់ទាត់ខេត្តកណ្ដាល និងខណ្ឌមានជ័យ កាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាទៀតផង៕

អត្ថបទ៖ បុត្រា

មតិយោបល់