រ៉ឹង ប៊ុនហៀង បរាជ័យក្នុងការចរចាប្រាក់ខែជាមួយក្លឹបឥណ្ឌា

នូ មករា December 24, 2018


ភ្នំពេញ៖ ទីបំផុតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា រ៉ឹង ប៊ុនហៀង មិនត្រូវបានផ្ទេរទៅលេងឲ្យក្លឹបសមាជិកលីគទី២ របស់ឥណ្ឌា FC Imphal City ក្រោយបរាជ័យក្នុងការចរចារឿងប្រាក់ខែ ។

ប្រធានក្រុមក្រសួងការពារជាតិខាងលើ បានឲ្យដឹងថា៖ «ហ្នឹងហើយបង! ពាក់ព័ន្ធរឿងទៅលេងឲ្យក្លឹបឥណ្ឌា បន្ទាប់ពីក្លឹបទាំងពីរបានចរចាគ្នារឿងប្រាក់ខែ តែដោយសារអត់ត្រូវគ្នា ចឹងក្លឹប(ក្រសួងការពារជាតិ) អត់ឲ្យខ្ញុំទៅទេ» ។ ជុំវិញការបរាជ័យក្នុងការចរចារឿងប្រាក់ខែនេះ ប៊ុនហៀង ក៏មានការសោកស្ដាយដែរ ត្បិតរូបគេពិតជាចង់ទៅលេងនៅក្រៅស្រុកមែន។

គួរបញ្ជាក់ថា ដំណឹងចរចាចង់បានកីឡាករ រ៉ឹង ប៊ុនហៀង នេះត្រូវបានទម្លាយដោយថ្នាក់ដឹកនាំក្លឹបក្រសួងការពារជាតិ ស្របពេលអ្នកគាំទ្រ បានធ្វើការរិះគន់ភ្លុកទឹកភ្លុកដីលើ ប៊ុនហៀង អំឡុងពេលជួយក្រុមជម្រើសជាតិ ក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018។ ក្រោយទម្លាយព័ត៌មានដ៏រសើបនេះ ការរិះគន់ក៏ហាក់ស្ងប់ស្ងាត់ទៅវិញ។ ប៉ុន្ដែ ប៊ុនហៀង បានបញ្ជាក់ថា នឹងខិតខំធ្វើឲ្យបានកាន់តែល្អដើម្បីជួយក្លឹបក្រសួងការពារជាតិនារដូវកាលថ្មីខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់