ក្តៅៗ! ភ្នំពេញក្រោន ប្រកាន់ខ្ជាប់ ២ចំនុចក្នុងកិច្ចពិភាក្សាដោះស្រាយបញ្ហាកីឡាករទាំង ៥នាក់!

គឹម ហុក December 20, 2018


ភ្នំពេញ៖ បន្ទាប់ពីកិច្ចពិភាក្សារវាងលោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីសហព័ន្ធនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះរួចមក ភាគីក្លឹបភ្នំពេញក្រោន បានបង្ហាញជំហរដដែលពោលគឺនៅតែគោរពតាមសេចក្តីថ្លែងការណ៍របស់ខ្លួនដែលបានធ្វើឡើងនាថ្ងៃទី១៧ ខែធ្នូកន្លងមកដោយទាមទារឱ្យមានការទូទាត់សំណងថ្លៃអភិវឌ្ឍន៍លើយុវជនទាំង ៥ដែលទើបប្តូរទៅក្លឹបវិសាខាទៅតាមការកំណត់ក្នុងច្បាប់របស់សហព័ន្ធបាល់ទាត់ពិភពលោក  (FIFA)។ 

តាមប្រភពជិតស្និទ្ធនឹងលោកឧកញ៉ា ឬទ្ធី សំណាង ដែលជាម្ចាស់ក្លឹបជើងឯក ៦សម័យកាលនេះបានថ្លែងថា គោលជំហររបស់ភ្នំពេញក្រោនគឺទី១ គោរពតាមច្បាប់របស់ FIFA និងទី២ ទាមទារសំណងមកកាន់ក្លឹបបណ្តុះបណ្តាលទៅតាមការកំណត់របស់ច្បាប់។​ ទន្ទឹមនឹងនេះ លោកឧកញ៉ា បានបន្ថែមថា លោកមានក្តីរំពឹងថា សហព័ន្ធនឹងពន្លឿនការដោះស្រាយលើបញ្ហានេះ និងមានការរៀបចំឱ្យមានជាគោលការណ៍ ឬបទបញ្ញាត្តិជាក់លាក់លើការផ្ទេរកីឡាករថ្នាលដោយបញ្ជៀសកុំឱ្យមានបញ្ហាបែបនេះជាបន្តទៀតនាពេលអនាគត។ 

ទន្ទឹមនឹងនេះ ប្រភពដដែលបានសង្កត់ធ្ងន់ថា សម្រាប់ភ្នំពេញក្រោនគឺមិនប្តូរជំហរខុសពីសេចក្តីថ្លែងការណ៍នោះទេ ជារួមគឺប្រសិនបើមិនមានការទូទាត់សំណងអភិវឌ្ឍន៍លើកីឡាករទាំង ៥នាក់ (សុិន កក្កដា, កែន ច័ន្ទសុភ័ក្ត្រ, អុិន សូដាវីត, អ៊ុក សុវណ្ណ និងគីម ឆៃយ៉ា) ឬគ្មានដំណោះស្រាយសមស្របទេ ភ្នំពេញក្រោននឹងមិនចូលរួមប្រកួតលីគបន្តទៀតឡើយ ចំណែកសកម្មភាពអភិវឌ្ឍន៍ថ្នាលយុវជនក៏ត្រូវបញ្ឈប់មិនមានបន្តទៀតដែរ ពីព្រោះបញ្ហានេះបានជះឥទ្ធិលដល់សកម្មភាព និងចក្ខុវិស័យរបស់ក្លឹបបាល់ទាត់ទាំងអស់នៅកម្ពុជាពិសេសគឺលើការកសាង និងពង្រឹងធនធានយុវជននាពេលអនាគតតែម្តង៕ 

អត្ថបទ៖ មករា

មតិយោបល់