ភ្នំពេញក្រោន ទទួលកាដូរពីក្រុមហ៊ុន MFit មុនរដូវកាលថ្មីមកដល់!

នូ មករា December 20, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានទទួលដៃគូឧបត្ថម្ភថ្មីមួយទៀតហើយ ដើម្បីរួមចំណែកជាមួយក្លឹប ក្នុងការត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ក៏ដូចជាពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ ខាងមុខ ក្រុមហ៊ុនអាហារបំប៉ន MFit ។ អតីតក្លឹបជើងឯកលីគ ៦សម័យកាលនេះ បានជូនដំណឹងនៅថ្ងៃទី២០ ខែធ្នូនេះថា៖ «ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន MFit ដែលបានឧបត្ថម្ភអាហារបំប៉នដល់ក្រុមកីឡាកររបស់យើង ក្នុងគោលបំណងពង្រឹងកាយសម្បទាកីឡាករ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតនានាក្នុងពេលខាងមុខ»។
ទន្ទឹមនឹងការឧបត្ថម្ភរបស់ក្រុមហ៊ុនអាហារបំប៉នខាងលើ គេឃើញក្លឹបភ្នំពេញក្រោន បាននឹងកំពុងយកចិត្តទុកដាក់បន្ថែមជាខ្លាំងលើការពង្រឹងកាយសម្បទារបស់កីឡាករ ជាក់ស្ដែងកាលពីពេលថ្មីៗ ក្លឹបក៏បាននាំយកគ្រូបង្វឹកកាយសម្បទាបរទេសមកជួយបន្ថែមផងដែរ ដើម្បីធ្វើឲ្យកីឡាករម្នាក់ៗកាន់តែមានសមត្ថភាព ដើម្បីត្រៀមប្រកួតប្រជែងនារដូវកាលថ្មី។

គួរបញ្ជាក់ថា ក្រុមហ៊ុន MFit ជាក្រុមហ៊ុន ដែលនាំចូលផលិតផលអាហារបំប៉នទាក់ទងនឹងការធ្វើលំហាត់ប្រាណនានា ជាពិសេសលើការពង្រឹងកាយសម្បទា និងសាច់ដុំ ចំពោះអ្នកលេងកីឡាតែម្ដង ៕
ប្រភពរូបភាព៖ PPCFC
អត្ថបទ៖ បុត្រា

 

មតិយោបល់