ឈិន ឈឿន កំពុងធ្វើរឿងគួរឲ្យសរសើរមួយដើម្បីសម្រេចបំណងកុមារចង់លេងបាល់ទាត់!

នូ មករា December 20, 2018


ភ្នំពេញ៖ ដោយធ្លាប់ឆ្លងកាត់ឧបសគ្គជាច្រើន ទម្រាំក្លាយជាកីឡាករជម្រើសជាតិកម្ពុជា កីឡាករ ឈិន ឈឿន បាននឹងកំពុងធ្វើរឿងគួរឲ្យសរសើរមួយជុំវិញការរៀបចំគម្រោងបន្ដបង្កើនកម្មវិធីសប្បុរសធម៌ ដើម្បីចែករំលែកបទពិសោធន៍ បច្ចេកទេស និងសម្ភារៈ ដល់កុមារខ្វះខាត ក៏ដូចជាកុមារចង់ក្លាយជាកីឡាករបាល់ទាត់អាជីព ដោយប្រើប្រាស់នូវជីវិតតស៊ូផ្ទាល់ខ្លួន ដើម្បីសម្រេចបំណងរបស់ពួកគេ។

ខ្សែបម្រើក្លឹបក្រសួងការពារជាតិរូបនេះ បានឲ្យដឹងថា បច្ចុប្បន្នខ្លួនកំពុងរៀបចំគម្រោងថ្មីមួយ ទៅខេត្តកំពង់ធំ និងខេត្តសៀមរាប នាពាក់កណ្ដាលខែមករាខាងមុខ ប៉ុន្ដែស្ថិតក្នុងគម្រោងនៅឡើយ ។ ពេលនេះលោកកំពុងគៀងគរការចូលរួមពីសប្បុរសជន និងវិស័យឯកជននានា ក៏ដូចជាមិត្តរួមអាជីពមួយចំនួន ដើម្បីចូលរួមកម្មវិធីនេះ ក្នុងការជួយដល់កុមារ និងក្មេងៗ ដែលមានបំណងចង់លេងបាល់ទាត់ តែខ្វះខាតលទ្ធភាព និងសម្ភារៈជាដើម ។

 

ឈិន ឈឿន លើកឡើងថា៖ «ឥលូវខ្ញុំកំពុងរៀបចំគម្រោងថ្មី ដើម្បីជួយដល់កុមារ និងក្មេងៗ ដែលចង់លេងបាល់ទាត់នៅទីតាំងផ្សេង បានទទួលនូវបទពិសោធន៍ និងបច្ចេកទេសពីពួកខ្ញុំ ។ ខ្ញុំសប្បាយចិត្ត ក្នុងការរៀបចំកម្មវិធីនេះ ព្រោះខ្ញុំស្រលាញ់ និងដឹងច្បាស់ពីទុក្ខធុរៈរបស់កុមារមួយចំនួន ដែលកំពុងខ្វះខាត ព្រោះខ្ញុំក៏ធ្លាប់ឆ្លងកាត់ជីវិតបែបនេះដែរ ។ ចឹងខ្ញុំចង់ប្រើប្រាស់ជីវត និងប្រវត្តិធ្លាប់តស៊ូរបស់ខ្ញុំ ដើម្បីចែករំលែក និងរួមចំណែកជួយដល់កុមារទាំងនោះ» ។
 
បន្ថែមលើគម្រោងពង្រីកការរៀបចំកម្មវិធីសប្បុរសធម៌គ្រប់ខេត្ត-ក្រុង ឈិន ឈឿន ក៏បានបង្ហើបមហិច្ឆតាបង្កើតក្រុមបាលទាត់ផ្ទាល់ខ្លួនមួយ ដោយប្រមូលយុវជនមកហ្វឹកហាត់ ក្រោមការបង្ហាត់ផ្ទាល់របស់ខ្លួន ដើម្បីជាការតេស្ដសមត្តភាពផងដែរ ។ ប៉ុន្ដែចំពោះមុខកីឡាករជម្រើសជាតិកម្ពុជារូបនេះ កំពុងត្រូវការសប្បុរសជន ដែលមានបំណងចូលរួមជាមួយកម្មវិធីរបស់ខ្លួន ដើម្បីរួមចំណែកជួយជាថវិកា សម្ភារៈសិក្សា និងសិម្ភារៈកីឡា ដើម្បីជំរុញឲ្យកម្មវិធីសប្បុរសធម៌ ដែលជាក្ដីស្រមៃរបស់ខ្លួនឲ្យទទួលបានជោគជ័យជាមុនសិន៕
អត្ថបទ៖ បុត្រា

 

មតិយោបល់