ខ្សែការពារណាហ្គា ជួយ KMH All Stars លើកពាន Super Cup អមដោយរង្វាន់ ៥,០០០ដុល្លារ

នូ មករា December 20, 2018


ភ្នំពេញ៖ បន្ទាប់ពីជួយក្រុមណាហ្គាវើលលើកពានលីគកំពូលកម្ពុជា ខ្សែការពារ Anderson បានជួយក្រុមពាក់កណ្ដាលអាជីព KMH All Stars លើកពាន KMH Super Cup 2018 ទៀតហើយ ក្រោយរួមចំណែកជួយក្រុម វាយបកឈ្នះក្រុម Avatar FC ដោយលទ្ធផល ៤-២ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្ដាហ៍កន្លងទៅ ។ សម្រាប់ជំនួបដ៏តានតឹងនេះ ក្រុម Avatar បានបំបែកពងមានក្រុម KMH All Stars ១គ្រាប់មុននៅវគ្គទី២។
 
យ៉ាងណាក៏ដោយ ចូលដល់វគ្គទី២ ប្រមាណ ៣នាទី កីឡាករមានប្រភពពីសាធារណរដ្ឋកូតឌីវ័រ Anderson បានឡើងទៅជួយរកគ្រាប់បាល់តាមស្មើ ១-១ នឹងជំរុញឲ្យក្រុមមានកម្លាំងចិត្តវាយបកកាន់តែខ្លាំង រហូតរកបាន ៣គ្រាប់បន្ថែម ដើម្បីលើកពាន គ្រាដែលក្រុម Avatar បានត្រឹមសោកស្ដាយប៉ុណ្ណោះ។
 
ជាមួយនឹងតំណែងជើងឯកនេះ ក្រុម KMH All Stars ទទួលបានពានធំ មេដាយមាស អមដោយប្រាក់រង្វាន់ ៥,០០០ដុល្លារ ខណៈក្រុម Avatar ទទួលបានលេខ២ ទទួលបានប្រាក់រង្វាន់ ២,៥០០ដុល្លារ ។ ចំណែកលេខ៣ បានទៅក្រុម Khmer United ទទួលបាន ១,៥០០ដុល្លារ ក្រោយយកឈ្នះក្រុម African All Stars ដោយលទ្ធផល ២-១ ។ លើសពីនេះក្រុម Khmer United ក៏ទទួលបានពាន Fair-Play អមដោយប្រាក់រង្វាន់ ៥០០ដុល្លារផងដែរ ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់