គ្រូទ័ពថា បើភ្នំពេញក្រោន រំសាយគម្រោងអភិវឌ្ឍន៍ និងដកខ្លួនពីលីគ គឺប្រៀបដូចមនុស្សពិការភ្នែក!

នូ មករា December 18, 2018


ភ្នំពេញ៖ លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្លឹបក្រសួងការពារជាតិ(ទ័ព) បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីក្លឹបភ្នំពេញក្រោនចេញសេចក្ដីថ្លៃងការណ៍កាលពីម្សិលមិញ ជុំវិញការចាកចេញរបស់កីឡាករ ៥នាក់ទៅកាន់ក្លឹបវិសាខា ដោយគ្មានការព្រមព្រៀងពីក្លឹប ពិសេសមានទាំងការព្រមានរំសាយគម្រោងអភិវឌ្ឍន៍បាល់ទាត់ថ្នាល និងដកខ្លួនពីការប្រកួតលីគកំពូលកម្ពុជាផងនោះ។ ចំពោះគ្រូបង្វឹកក្រុមជើងឯកពានសម្តេចតេជោរូបនេះបានថ្លែងថា បើសិនភ្នំពេញក្រោន ធ្វើបែបនេះមែន វានឹងជះឥទ្ធិពលអវិជ្ជមានដល់បាល់ទាត់កម្ពុជា ពោលគឺប្រៀបដូចមនុស្សបាត់បង់ភ្នែកដូច្នោះដែរ ។

ក្រោយឃើញព័ត៌មានដ៏ចម្រូងចម្រាសនេះលោក ភា សុភ័ក្ដ្រា បានលើកឡើងថា៖ «ពាក់ព័ន្ធរឿងនេះ គឺពាក់ព័ន្ធនឹងសហព័ន្ធ បានន័យថា សហព័ន្ធជាអាណាព្យាបាល គាត់ត្រូវមានកុងត្រាច្បាស់លាស់ ។ ណាមួយភ្នំពេញក្រោន គឺជាក្លឹបដំបូងគេ ដែលមានអភិវឌ្ឍន៍ Academy ផ្លូវការ និងស្ដង់ដារ ។ ចឹងជាទូទៅលើពិភពលោក ក្មេងកើតចេញពី Academy របស់គេ ប្រៀបដូចម្ដាយដើមអញ្ចឹង ទោះបីផ្ទេរទៅណា ក៏ត្រូវបង់តម្លៃផ្ទេរហ្នឹងដែរ ឧទាហរណ៍ Ronaldo លក់បាន ១០ម៉ឺនដុល្លារ ចឹងមាន ១០ ឬ ១៥% ត្រូវបង់ទៅឲ្យក្លឹបដើម»។

«ជាទូទៅបើភ្នំពេញក្រោន មានកុងត្រាជាមួយកីឡាករ សម្រាប់ Academy ខ្ញុំជឿថា វាជារឿងត្រឹមត្រូវ ចឹងភាគីម្ខាងទៀត ត្រូវដោះស្រាយទៅតាម Academy មិនមែនដោះស្រាយទៅតាមក្លឹបទេ តែបើកីឡាករនោះ វិវត្ដន៍ឡើងមកលេងដល់ក្លឹប(ក្រុមធំ)ហើយ អាហ្នឹងគេនិយាយរឿងក្លឹបផ្សេង ដោយបើអត់មានកុងត្រាអី វាធម្មតាទេ កីឡាករអាចលេងក្លឹបណាក៏បានដែរ ។ តែបើកីឡាករនោះ ស្ថិតក្នុង Academy ដោយមានកុងត្រាច្បាស់លាស់ មានការដឹងលឺពីអាណាព្យាបាល ចឹងការផ្ទេរទាំងអស់ ត្រូវឆ្លងកាត់ក្លឹបដើម» ។ លោក សុភ័ក្ដ្រា បន្ថែម ។

លោកបានបន្ដថា៖ «ភ្នំពេញក្រោន ខ្ញុំគាំទ្រលេខ១ ក្នុងការអភិវឌ្ឍន៍ ចឹងបើក្រោនដកខ្លួនមែន ប្រៀបដូចរាងកាយបាត់បង់ភ្នែកអុីចឹង តែបើបាត់បង់ក្លឹបផ្សេងៗយ៉ាងច្រើន ប្រៀបដូចរបួសម្រាមដៃ ឬអវៈយវៈទេ ។ តែខ្ញុំសូមបញ្ជាក់ថា បើសិនជាវិសាខា គេយកកីឡាករដោយអត់មានកុងត្រាពីក្រោន មានន័យថា Free Transfer អាហ្នឹងអត់ខុសទេ ។ តែអ្វីដែលក្រោនទាមទារ គឺពាក់ព័ន្ធនឹងរឿង Academy វិញ ។ ធម្មតាបើកីឡាករអត់មានកុងត្រា គេចង់ទៅលេងទីណាក៏បានដែរ»។

យ៉ាងណាមិញ ដោយសារវិស័យបាល់ទាត់កម្ពុជា តែងជួបរឿងច្រំដែលបែបនេះ លោកបានសំណូមពរដល់សហព័ន្ធ ត្រូវរៀបចំច្បាប់ ដើម្បីកំណត់ឲ្យបានច្បាស់លាស់ជាជាងការដោះស្រាយរួចតែមួយពេលៗ ។ លោកថា៖ «តាមខ្ញុំគិតថា យកល្អសហព័ន្ធគួរបើកកិច្ចប្រជុំ ដើម្បីកំណត់កិច្ចសន្យាច្បាស់លាស់ សម្រាប់ក្លឹបមាន Academy ត្រូវធ្វើកុងត្រាម៉េចៗ ដើម្បីងាយស្រួលដល់ក្លឹបចង់បានកីឡាករ ចៀសវាងការកើតមាននូវបញ្ហា ធ្វើឲ្យប៉ះពាល់ដលការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ។ ចឹងសហព័ន្ធ គួរមានច្បាប់ ឬកុងត្រាឲ្យច្បាស់លាស់ សម្រាប់ក្លឹបយកទៅអនុវត្តន៍ អាហ្នឹងបានវាមានស្ដង់ដារ តែបើក្លឹបគេមានបទបញ្ជាផ្សេងៗទៀត អាហ្នឹងវាជារឿងរបស់ក្លឹប» ៕

អត្ថបទ៖ បុត្រា

មតិយោបល់