មិនធម្មតា! BFF ប៉ះ 7NG ថ្ងៃមុនរកបានថវិកាសប្បុរសធម៌ជិត ១ម៉ឺនដុល្លារ

នូ មករា December 18, 2018


ភ្នំពេញ៖ សមិទ្ធផលទទួលបានពីការប្រកួតបាល់ទាត់មិត្តភាព ដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ឋា និងកុមារកម្ពុជា រវាងក្រុមរវាងក្រុមបាល់ទាត់មិត្តល្អ(BFF) ដែលចូលរួមដោយកីឡាករល្បីៗរបស់កម្ពុជា និងក្រុមមិនអាជីព 7NG បានបូកសរុបជាផ្លូវការហើយ ដោយទទួលបានថវិកាសប្បុរសធម៌សរុប ៨,០៦៩ដុល្លារ។

 

ការបូកសរុបថវិកាសប្បុរសធម៌ទទួលបានពីការប្រកួតមិត្តភាព កាលពីថ្ងៃទី១០ ខែធ្នូកន្លងទៅ ត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញ នៅទីលាន Real Soccer ដោយមានការចូលរួមពីតំណាងគណៈកម្មការ សិល្បៈករ-សិល្បៈការិនី និងកីឡាករ រួមមានលោក កង ឧត្តមមុនីនាថ, លោក សេន ប្រភស្សរៈ, កញ្ញា ឌួង ហ្សូរីម៉ា, កីឡាករ ឈិន ឈឿន និងកីឡាករ សាយ ពិសិដ្ឋ ជាដើម។

បើតាមការបញ្ជាក់របស់តំណាងគណៈកម្មការរៀបចំការប្រកួត ក្នុងចំណោមថវិកាទាំងអស់ គឺភាគច្រើនទទួលបានពីការបរិច្ចាគរបស់សប្បុរសជននានា គ្រាដែលការលក់សំបុត្រ គឺទទួលបានតែជិត ១ពាន់ដុល្លារប៉ុណ្ណោះ ។ ចំណែកថវិកាសប្បុរសធម៌ នឹងបែងចែកជា ៣ ទី១-គឺបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ឋា ទី២-រៀបចំកម្មវិធីមួយ នៅមជ្ឈមណ្ឌលកុមារកំព្រាភ្នំពេញថ្មី និងទី៣-ថវិកាសរុបប៉ុន្មាន នឹងត្រូវបែងចែករៀបចំកម្មវិធីប្រចាំខែ ១២ខែពេញ ទម្រាំដល់កម្មវិធីប្រកួតបន្ទាប់ នាឆ្នាំក្រោយ៕

អត្ថបទ៖ បុត្រា

មតិយោបល់