ឆ្នាំ២០១៩ ក្លឹបបាល់ទាត់នៅកម្ពុជា តែ៤ប៉ុណ្ណោះបានអាជ្ញាប័ណ្ណទទួលស្គាល់ពី AFC

មាស សុផាណារ៉ុង December 21, 2018


អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( The AFC ) ថ្មីៗនេះបានធ្វើការបង្ហាញបញ្ជីក្លឹបដែលទទួលបានអាជ្ញាប័ណ្ណ ( AFC Club Licensing ) ក្នុងពានកម្រិតទី២ប្រចាំទ្វីប ( AFC Cup 2019 ) សម្រាប់ឆ្នាំ២០១៩ ដោយសម្រាប់ប្រទេសកម្ពុជាមានតែ៤ក្លឹបប៉ុណ្ណោះដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ពីសហព័ន្ធដែលមានសមាជិក៤៧ប្រទេសនេះ។

កាលពីឆ្នាំ២០១៨ ក្លឹបបាល់ទាត់ដែលប្រកបអាជីពនៅលីគកំពូលកម្ពុជាមានចំនួន៦ ដែលទទួលបានអាជ្ញាប័ណ្ណពី AFC ខណៈឆ្នាំ២០១៩នេះ បានធ្លាក់មកនៅត្រឹមតែ៤ក្លឹបវិញ នេះបើយោងតាមការបង្ហាញបញ្ជីដោយសហព័ន្ធប្រចាំទ្វីបដដែលលើគេហទំព័រ ( the-afc )។ ក្លឹបទាំង៤នោះរួមមាន ក្លឹបបាល់ទាត់ភ្នំពេញក្រោន និង បឹងកេត ទទួលបានពេញលេញ បូករួមជាមួយ ណាហ្គាវើល និង វិសាខា ទាំង២ក្លឹបនេះស្ថិតនៅក្នុងការតាមដានពីសហព័ន្ធដែលអាចដកហូតវិញក្នុងករណីណាមួយ។

សម្រាប់ការទទួលបានអាជ្ញាប័ណ្ណពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីនេះគឺបានសេចក្ដីថា ក្លឹបនោះនឹងទទួលបានឱកាសចូលរួមប្រកួតក្នុងកម្មវិធីដែលរៀបចំដោយសហព័ន្ធតំណាងប្រទេសរៀងៗខ្លួន ដូចជា ពានកម្រិតទី១ AFC Champions League និងពានម្រិតទី២ AFC Cup ជាដើមដែលធ្វើឡើងជារៀងរាល់ឆ្នាំ។

បើក្រលេកទៅកាលពីឆ្នាំ២០១៨ ក្លឹបចំនួន៦នៅលីគកំពូលកម្ពុជាដែលទទួលបានអាជ្ញាប័ណ្ណពី AFC រួមមានបឹងកេត, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល, ក្រសួងការពារជាតិ និងអង្គរថាហ្គឺរ ប៉ុន្តែនៅឆ្នាំនេះ៣ក្លឹប ព្រះខ័នរាជស្វាយរៀង, ក្រសួងការពារជាតិ និងអង្គរថាហ្គឺរ ត្រូវបានដកអាជ្ញាប័ណ្ណវិញ។

សូមបញ្ជាក់ថា អាជ្ញាប័ណ្ណក្លឹបដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC Club Licensing ) ត្រូវមានលក្ខណៈពិសេសមួយចំនួនដើម្បីទទួលបានដូចជា (គ្រូបង្វឹកក្រុមធំ ដែលមានអាជ្ញាប័ណ្ណគ្រូ “A License”) (មានយុវជនយ៉ាងតិច២ក្រុម ហើយចូលរួមក្នុងលីគយុវជន ជាមួយនឹងគ្រូដែលកាន់អាជ្ញាប័ណ្ណគ្រូ “C License”) (មានក្រុមគ្រូពេទ្យប្រចាំក្លឹប) (មានកិច្ចសន្យាត្រឹមត្រូវរវាងក្លឹបជាមួយកីឡាករ) (មានកម្មវិធីអភិវឌ្ឍន៍យុវជន) (មានកីឡដ្ឋានស្តង់ដា) (ទីលានហ្វឹកហាត់) (ការិយាល័យក្លឹប) និង (មន្ត្រីរដ្ឋបាល ដូចជាអគ្គលេខាធិការក្លឹប, ហិរញ្ញឹក, សន្តិសុខ និងក្រុមមន្ត្រីព័ត៌មាន) (រចនាសម្ព័ន្ធក្លឹប) (កញ្ចប់ហិរញ្ញវត្ថុរបស់ក្លឹប) ជាដើម៕

 

ប្រភព៖ the-afc

អត្ថបទ៖ ណារ៉ុង

មតិយោបល់