ថ្នាក់ដឹកនាំពាន “អន្ដរក្រសួង-ស្ថាប័ន” ប្រាប់កីឡាករ ត្រូវបង្ហាញភាពជាគំរូលើទីលាន!

នូ មករា December 13, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី៦ នឹងបើកការប្រកួតរដូវកាលថ្មី នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ។ ទន្ទឹមជាមួយគ្នា ថ្នាក់ដឹកនាំពាន បានក្រើនរំឭក និងប្រាប់កីឡាករគ្រប់ក្រុម ត្រូវធ្វើការប្រកួតប្រជែង ដោយគោរពគោលការណ៍ Fair-Play ឲ្យបានដាច់ខាត ដើម្បីបង្ហាញភាពជាគំរូដ៏យុវជនផ្សេងៗ ។

លោក សុខ សប្បាយណា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មាធិការរៀបចំពានមិនអាជីពនេះ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន កាលពីចុងសប្ដាហ៍កន្លងទៅថា ដោយសារពាននេះ ផ្តោតសំខាន់លើការរឹតចំណងមិត្តភាព សាមគ្គីភាព និងសុខភាព រវាងមន្ដ្រីគ្រប់ក្រសួង-ស្ថាប័ន ដូច្នេះលោកបានស្នើឲ្យកីឡាករគ្រប់ក្រុម ត្រូវផ្ដោតលើគោលការណ៍ Fair-Play ពិសេសគោរពការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល ទោះបីការកាត់ក្ដីមានការខ្វះខាតបន្ដិចបន្ដួចក៏ដោយ ។
 
អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ដថា៖ «អាជ្ញាកណ្ដាលខ្លះ គាត់ល្អ តែខ្លះគាត់ក៏ខ្វះខាត ចឹងទាមទារការយោគយល់ពីយើងទាំងអស់គ្នា កុំរហូតដល់ថ្នាក់ប្រើពាក្យពេចន៍ ឬកាយវិការមិនសមរម្យមួយចំនួន ដែលបង្កឲ្យមានភាពមិនប្រក្រតីក្នុងការប្រកួត ។ យើងជាមន្ដ្រីរាជការ ដែលជាគំរូដល់យុវជនដទៃ ចឹងកីឡាករគ្រប់ក្រុមទាំងអស់ ដែលជាមន្ដ្រីរាជការ ត្រូវគោរពឲ្យបានដាច់ខាតនូវបទបញ្ជាការប្រកួត ហេតុនេះខ្ញុំសង្ឃឹមថា កីឡាករម្នាក់ៗ នឹងមានទំនួលខុសត្រូវខ្ពស់ក្នុងនាមជាកីឡាករ និងជាមន្ដ្រីរាជការលើទីលាន» ។
ជាមួយគ្នានេះ លោក បាន បុត្ដា ប្រធានគណៈកម្មការប្រតិបត្តិ នៃពាននេះ បានបញ្ជាក់ថា ការប្រកួតឆ្នាំនេះមានក្រុមចូលរួមសរុប ៣១ក្រុម ដែលជាមន្ដ្រីរាជការស៊ីវិល មកពីក្រសួង-ស្ថាប័ននានា ហើយគណៈកម្មការបានបែងចែកពូលជា ៨ពូល ដោយពូលនីមួយៗមាន ៤ក្រុម លើកលែងតែពូល H ដែលមានត្រឹម ៣ក្រុម ។ ចំពោះរូបមន្ដប្រកួត គឺប្រកួតសន្សំពិន្ទុ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុម នៃពូលនីមួយៗ ដើម្បីឡើងវគ្គ ១៦ក្រុមចុងក្រោយ ។ ចំណែកពិធីបិទ នឹងធ្វើឡើងនាថ្ងៃទី២៣ ខែកុម្ភៈខាងមុខ នៅទីលាន Premium Sport Club ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់